ភ្នំពេញ : កន្លងមក ខ្ញុំសង្កេតថាឃើញមានការបកស្រាយ និងបទវិភាគជាបន្តបន្ទាប់ស្តីពីខ្ញុំ និងបងម៉ាណែត ដែលការវិភាគទាំងនោះ មានចេទនាអុចអាល និងញុះញង់ ហើយជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឲ្យអស់សំណើចទៅទៀតផង។ នេះជាការថ្លែងរបស់ លោក ហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 ។
លោក ហ៊ុនម៉ានី បានបន្តថា, ដូចអ្វីដែលពុក បានលើកឡើងកាលពីព្រឹកមិញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ពីចារិកនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង។ ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមក ថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបងណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៍ស្តែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាន និងកំពុងធ្វើនាពេលកន្លងមក។ លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៍បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ ដែលផ្ទុយទៅវិញ ការបកស្រាយអុចអាលទាំងអប្បាលមាណនោះ គ្រាន់តែជាអ្វីដែលបង្ហាញឲ្យយើងអាចឃើញកាន់តែច្បាស់ពីភាពផិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៍រឹងមាំ នៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្សយើង៕
ដោយ : សុខ ខេមរា