លោករដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)

ចែករំលែក៖

ប្រទេសអុីស្រាអែល ៖ នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)។

លោក Ran Gan-El នាយកក្រតិបត្តិក្រុមហ៊ុន BIOBEE បានរាយការណ៍ថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនបានត្រួសត្រាយផ្លូវក្នុងការអនុវត្តវិធានការគ្រប់គ្រង់សមាសភាពចង្រៃក្នុងផលិតកម្មដំណាំតាមរយៈការប្រើប្រាស់សត្វល្អិតមានប្រយោជន៍ (Integrated Pest Management, IPM) ការបង្កាត់លម្អងតាមបែបធម្មជាតិ និងសម្បនិម្មិត ដើម្បីជាដំណោះស្រាយតាមបែបធម្មជាតិសម្រាប់កិច្ចការពារដំណាំ បង្កើនផលិតភាព ផលិតផល និងជាពិសេសកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី។ ពាក់ព័ន្ធនឹងវិធានការគ្រប់គ្រង់សមាសភាពចង្រៃក្នុងផលិតកម្មដំណាំ IPM លោកបញ្ជាក់ថា គឺក្រុមហ៊ុនបានស្រាវជ្រាវ និងបង្កាត់ពូជសត្វល្អិតមានប្រយោជន៍ជាច្រើនប្រភេទទៅតាមមុខដំណាំ ដូចជាដំណាំបន្លែ ពពួកស្ពៃ ប៉េងបោះ និងដំណាំឈើហូបផ្លែ ដូចជាផ្លែប៊័រ កាកាវ ក្រូច និងរុក្ខជាតិលម្អរ ដោយសត្វល្អិតមានប្រយោជន៍ទាំងនោះនឹងអាចកម្ចាត់សត្វចង្រៃបានយ៉ាងមានប្រសិទ្ធភាព មិនប៉ះពាល់ដល់បរិស្ថាន និងបញ្ហាបំពុលក្នុងដំណាំកសិកម្មជុំវិញពិភពលោក។ ចំពោះការបង្កាត់លម្អងតាមបែបធម្មជាតិ គឺសំដៅទៅលើការបង្កាត់ និងប្រើប្រាស់ពូជឃ្នុំ Bumblebees ទៅជួយនាំយកកេសរឈ្មោល មកបង្កាត់ជាមួយកេសរញី ធ្វើឲ្យកកើតជាផល។ រីឯការបង្កាត់លម្អងតាមបែបសម្បនិម្មិត គឺក្រុមហ៊ុនបានបង្កើតជាឧបករណ៍ស្វ័យប្រវត្ត ដែលប្រកបដោយបច្ចេកទេស និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កលក្ខណៈធម្មជាតិដល់ដំណាំក្នុងការបង្កាត់ និងផ្តល់ផល។ ទាំងអស់នេះ គឺដើម្បីបង្កើតការអនុវត្តកសិកម្មប្រកបដោយសុខភាពល្អ និងជឿនលឿនជាប្រយោជន៍ដល់បរិស្ថាន អ្នកដាំដុះ និងអ្នកប្រើប្រាស់ ព្រមជាមួយការប្រើបច្ចេកវិទ្យាច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកកសិកម្ម។ 

លោករដ្ឋមន្ដ្រីបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ទៅលើបច្ចេកវិទ្យាទាំងអស់នេះដូចអ្វីដែលលោក Ran Gan-El បានបង្ហាញពិសេសសមស្របទៅនឹងផលិតកម្មនៅកម្ពុជា ដូចជាដំណាំបន្លែស្លឹក ប៉េងប៉ោះ ស្វាយចន្ទី ស្វាយ ផ្លែប៊័រ ។ល។ ឃើញពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ ឯកឧត្តមរដ្ឋមន្ដ្រីស្នើដល់ AgroStudies និងក្រុមហ៊ុន BIOBEE ជួយចាត់បញ្ជូន និងទទួលយកនិស្សិតកម្ពុជាមកសិក្សារៀនសូត្រនៅក្រុមហ៊ុននេះសម្រាប់ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងឆ្នាំសិក្សាខាងមុខៗទៀត ជាពិសេសពិនិត្យលទ្ធភាពបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងវែងផ្នែកបច្ចេកទេសជូនដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីនាំយកបច្ចេកវិទ្យានេះទៅអនុវត្តនៅកម្ពុជា។ 

ជាការឆ្លើយតប AgroStudies និង ក្រុមហ៊ុន BIOBEE បានឯកភាព និងទទួលសំណើរបស់ លោករដ្ឋមន្ត្រី ដើម្បីរៀបចំកម្មវិធីសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ ៕

ដោយ ៖ សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print