ប្រទេសអុីស្រាអែល : នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល លោករដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot។
លោក Sharon shlezinger នាយកប្រតិបត្តិសហព័ន្ធសហករណ៍ បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់សហព័ន្ធសហករណ៍នេះថា បានបង្កើតឡើងនៅឆ្នាំ១៩៤០ ហើយជាសហព័ន្ធសហករណ៍ធំជាងគេទីពីរក្នុងរដ្ឋអ៊ីស្រាអែល ដែលមានទីតាំងកណ្តាលប្រទេសចន្លោះទីក្រុង Tel Aviv និង Haifa។ Granot បង្កើតឡើងដោយមានការចងក្រង និងចូលរួមពី ៤១សហគមន៍
ក្នុងនោះមាន ២០រោងចក្រ និងសាជីវកម្មដែលផ្តោតជាសំខាន់លើវិស័យកសិកម្ម ហើយមានចំណូលប្រចាំឆ្នាំសរុបប្រមាណជិត ១ពាន់លានដុល្លារអាមេរិកដែលចំណូលនេះទទួលបានពីវិស័យជាច្រើនរួមមានវិស័យកសិកម្ម ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម និងការបណ្តុះបណ្តាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ។
នាឱកាសនេះ លោករដ្ឋមន្ដ្រីបានសួរនាំជាច្រើនទាក់ទងនឹងការរៀបចំ ចងក្រង និងជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសហករណ៍ ការដឹកនាំ គ្រប់គ្រង ចំណាយ ចំណូលប្រចាំឆ្នាំ គោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល។ល។ បន្ទាប់ពីទទួលបានការបកស្រាយពីលោក Sharon លោករដ្ឋមន្ដ្រីក៏បានស្នើសុំយោបល់បន្ថែមអំពីការបង្កើត និងដឹកនាំសហករណ៍(សហគមន៍កសិកម្ម)នៅកម្ពុជា ជាពិសេសទិសដៅរយៈពេលខ្លី និងវែង។
លោក Sharon បានជូនយោបល់ថា សម្រាប់កម្ពុជាគួរចងក្រង និងប្រមូលផ្តុំសហគមន៍រួមគ្នា រៀបចំគោលនយោបាយដឹកនាំ គ្រប់គ្រង និងហិរញ្ញវត្ថុឲ្យមានភាពប្រទាក់ក្រឡា ទំនាក់ទំនងល្អ អភិបាលកិច្ច និងសុខដុមនីយកម្មជាពិសេសពីសហគមន៍មួយទៅសហគមន៍មួយ។ ហើយក៏ស្វាគមន៍ភាគីកម្ពុជាមកសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសហព័ន្ធសហករណ៍ Granot បាន ហើយរង់ចាំផ្តល់ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ៕
ដោយ : សិលា