ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ទំនង
ជាស្រវឹងស្រាខ្លាំងបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុកឡំប្រឺតាបណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយបុរសអ្នកបើកបរឡំប្រឺតាបានរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៤ ក្បែរផ្សារកណ្តាល ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បានបើកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខព្រៃវែង 1N-6754 តាមបណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BI-6218 បើកបរដោយបុរសជនជាតិបទេសម្នាក់ សង្ស័យស្រវឹងស្រាផង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិចយ៉ាងលឿន បានរេចង្កូតមកខាងឆ្វេងដៃជ្រុល ទៅបុកឡំប្រឺតាចំពីមុខពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងបណ្តាលឱ្យបុរសជាម្ចាស់ឡំប្រឺតារងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តបង្កហេតុបានឡើងលើឡំប្រឺតាមួយគ្រឿងផ្សេងទៀតជិះចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
បន្ទាប់ពីកើតហេតុ ដោយភាគីតំណាងទាំងសងខាងសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តបង្កហេតុនិងឡំប្រឺតារងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ