ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ កាលពីរសៀលថ្ងៃទី៣១ ខែសីហាម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ដែលមានការចូលរួមពី លោក-លោកស្រី ជាប្រធាន-អនុប្រធាន និងសមាជិក-សមាជិកា នៃក្រុមការងារក្រសួងពាណិជ្ជកម្ម និងក្រុមការងារអន្តរក្រសួង មកពីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានលើកឡើងថា ដើម្បីឱ្យការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដំណើរការទៅមុខរលូន និងទទួលបានជោគជ័យក្រុមការងារនីមួយៗត្រូវពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់ខ្លួនឱ្យបានទៀងទាត់។
លោករដ្ឋលេខាធិការ បន្តថារបៀបវារៈនៃកិច្ចប្រជុំក្នុងថ្ងៃនេះ រួមមាន៖ ១-បទបង្ហាញស្ដីពីគម្រោងការងាររៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ, ២-កិច្ចពិភាក្សា និងទិសដៅអនុវត្តបន្ត និង៣-សំណូមពរ និងបញ្ហាផ្សេងៗ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីការងារលម្អិត ទៅតាមសកម្មភាពការងារនីមួយៗសម្រាប់ក្រុមការងារត្រៀមអនុវត្តក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
បន្ទាប់មក អង្គប្រជុំក៏បានពិភាក្សាលើការងារបច្ចេកទេស សំណូមពរ និងបញ្ហានានាដែលបានមកពីសមាជិក-សមាជិកាក្រុមការងារផងដែរ ដែលរួមមាន៖ ពិធីបើកកិច្ចប្រជុំក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីលម្អិតនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ផងដែរ។
ជាកិច្ចបញ្ចប់ លោកប្រធានអង្គប្រជុំ បានស្នើក្រុមការងារនីមួយៗ ពន្លឿនការងាររបស់ខ្លួន ដើម្បីឱ្យកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធសម្រាប់ឆ្នាំ២០២២ ដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២៕
ដោយ៖សហការី