ខេត្តរតនគិរី៖ បេីតាមការបញ្ជាក់ពីលោក ហួត បូរី អធិការនគរបាលក្រុងបាលុង នៃអគ្គស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់០៦នាក់ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រេីដាវសាម៉ូរ៉ៃ ព្រួតគ្នាកាប់ លេីយុវជនពីរនាក់ទាំងកំរោល បណ្ដាលឱ្យរងរបួសធ្ងន់។
អធិការនគរបាលក្រុងបាលុង បានឱ្យដឹងទៀតថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នាពេលថ្មីៗនេះ ត្រង់ចំណុចទល់មុខ មន្ទីព័ត៌មានខេត្តរតនគីរី ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប៉ុន្ដែករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ខណៈក្រុមជនសង្ស័យមានបក្ខពួកចំនូន៦នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះម៉ូតូ៣គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង និងអិចសិនធ័រ មួយគ្រឿង ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានជិះម៉ូតូ រត់គេចខ្លួនតែម្ដង។
ជនរងគ្រោះទាំង២នាក់នេះ ទី១-ឈ្មោះ ម៉ៅ សារិន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង មុខរបរ កសិករ រងរបួសធ្ងន់ (ដាច់ត្រចៀកខាងឆ្វេង) ជាអ្នកបើកបរម៉ូតូ និងទី២-ឈ្មោះ ជា សម័យ អាយុ១៩ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិសមុទ្រ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មុខរបរ សិស្ស រងរបួសធ្ងន់ (ដាច់ចំកញ្ចឹងក ផ្នែកខាងក្រោយ) ។
បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត៕
ដោយ៖សហការី