ភ្នំពេញ៖ បេីយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៤៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៧៩៣គ្រឿង ម៉ូតូចំនួន ១.៧៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៨គ្រឿង មានម៉ូតូចំនួន ៣០៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល០១ថ្ងៃនៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែកញ្ញាម្សិលមិញនេះ កើតឡើង៩លើក បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៦នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់ (ស្រី៤នាក់) របួសស្រាល ៦នាក់(ស្រី៣នាក់) ។
នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានគូសបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់នេះដែរ បង្កឱ្យមានមនុស្សស្លាប់ និងរបួសចំនួន១៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៩លើក ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !៕
ដោយ៖សហការី