កិច្ចព្រមព្រៀងលក់អាវុធឱ្យកោះតៃវ៉ាន់ដែលមានប្រព័ន្ធរ៉ាដាតាមដាន និងកាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាស បានកើតឡើងក្រោយពេលដែលប្រធានរដ្ឋសភាអាមេរិកលោកស្រីNancy Pelosiបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្រោយពីខកខានអស់រយៈពេល២៥ឆ្នាំកន្លងមក ។ បន្ទាប់មកក៏មានតំណាងរាស្ត្រអាមេរិកជាច្រើនរូបមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ផងដែរ ដែលជាហេតុធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់១.១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ហើយ បើទោះជាមានការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់ចិនក៏ដោយ។
មន្ទីរបញ្ចកោណបានប្រកាសពីផែនការលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងបរិបទដែលចិននៅតែបន្តបង្កើនការធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងការបញ្ជូន មន្ត្រីជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។
បើតាមមន្ទីរបញ្ចកោណ ការលក់អាវុធឱ្យតៃវ៉ាន់នេះទៀតសោត ក្នុងនោះរួមមានមីស៊ីលសាយវីនដ័រ (Sidewinder) ដែលជាប្រភេទមីស៊ីលអាចបំពាក់លើយន្ដហោះចម្បាំងមានតម្លៃ ៨៥.៦ លានដុល្លារ មីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) តម្លៃ៣៥៥លានដុល្លារ ព្រមទាំងប្រព័ន្ធរ៉ាដា មានតម្លៃ ៦៦៥.៤ លានដុល្លារ។
ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានសម្ដែងការខឹងសម្បាជាខ្លាំងជាមួយការព្រមានថា ផែនការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន នឹងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនក៏នឹងចាត់វិធានការឆ្លើយតបនៅក្នុងករណីចាំបាច់ផងដែរ៕ ដោយធីរីណា
រូបថត : congan.com.vn