ក្រុងសំរោង​ ជំនន់​ទឹកភ្លៀង​លិច​នៅតាមតំបន់​មួយចំនួន​ ពេលនេះទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ បើ​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ នៅថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​គំហុក​ដល់​កម្រិត​ពី​៩០​ ទៅ​១០០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​ខ្លី និង​​ដោយសារ​ប្រព័ន្ធ​លូ​ដោះ​ទឹក​មាន​ទំហំ​តូច​ទឹក​ហូរ​មិនទាន់​នោះ​ បណ្ដាលឱ្យ​ជំនន់​ទឹកភ្លៀង​លិច​តំបន់​មួយចំនួន​នៅ​ក្រុង​សំរោង​នោះ​ ពេលនេះ​ទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​។​

​ជាមួយគ្នានោះ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ លោក​ ញឺ​ន កួន បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះដែរ​ថា​៖​ ជំនន់​ទឹកភ្លៀង​ដែល​បាន ធ្វើឱ្យមាន​ការលិចលង់​នៅ​តំបន់​មួយចំនួន​ស្ថិតនៅ​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង កាលពី​ល្ងាច​ថ្ងៃទី​២​ខែកញ្ញា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​ពី​៩០​ទៅ​១០០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​ជិត​បី​ម៉ោ​ហ​រួចមក​នោះ ទឹកបាន​ស្រក​អស់​ទៅវិញ​នៅពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​។​

​ប្រធាន​មន្ទីរ​រូបនេះ​ ក៏បានបញ្ជាក់​មូលហេតុ​ដែល​នាំឱ្យមាន​ការលិចលង់​ផ្លូវលំ​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​រយៈពេល​ខ្លី​នៅ​តំបន់​អូរ​ស្មា​ច់នេះ គឺ​បណ្តាល មកពី​បរិមាណ​ទឹកភ្លៀង​ធ្លាក់​គំហុក​ច្រើន​ក្នុង​រយៈពេល​ខ្លី ធ្វើឱ្យ​ប្រព័ន្ធ​លូ​មាន​ទំហំ​តូច​ដោះ​ទឹក​មិនទាន់​។​ពេលនេះ​ទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ នៅពេល​មានការ​លិចលង់​នោះ​ឯកឧត្តម​ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាពលិចលង់​និង​ផ្លូវ​ដោះ​ទឹក​ឱ្យ​ទឹក​ស្រក​បាន​លឿន​ទៅវិញ​។​

សូមជម្រាបដែរថា​ ​កាលពី​ថ្ងៃទី​២​ ខែកញ្ញា​ម្សិលមិញនេះ​ ក្រសួង​ធនធានទឹក​ ​និង​ឧតុនិយម​ បាន​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២២ ជាទូទៅ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​នៅ​ទូទាំងប្រទេស បង្កឱ្យមាន​ជា​ជំនន់​ទឹកភ្លៀង​និង​អាចធ្វើឱ្យ​ទឹកទន្លេ​ហក់​ឡើងជា​ថ្មី​ម្តងទៀត​។​ នៅក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះ​ហត្ថ​ដោយ​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូសបន្លាយ​នៅលើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង​វៀតណាម ។ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ ២០២២ ប្រព័ន្ធ​សម្ពាធ​ទាប​រួម​ជាមួយនឹង​សម្ពាធ​ទាប​នឹង​រំកិល​ចុះមក​ក្រោម​អូសបន្លាយ​នឹង​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា ។

​សេចក្តីជូនដំណឹង​ បានគូសបញ្ជាក់ទៀត​ថា៖​ លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២២ ស្ថានភាព​អាកាសធាតុ​ជាទូទៅ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​ទឹកភ្លៀង​ដែលមាន​លក្ខណៈ​ធ្លាក់​ជាប់​ជា​បន្ត ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​នឹង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​ឲ្យ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​បណ្តា​ខេត្ត​មួយចំនួន នៅក្នុង​ភូមិសាស្ត្រ​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ទី​ទំនាប​ជាប់​ផ្លូវទឹក មាន​ហានិភ័យ​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង មាន​ជាអាទិ៍ ៖​ខេត្តព្រះវិហារ ,រតនគិរី ,កំពង់ធំ​(​ស្ទឹងសែន​)​ ,ឧ​ត្ត​រ​មានជ័យ ,បន្ទាយមានជ័យ ,បាត់ដំបង ,សៀមរាប​ប៉ៃលិន ,ពោធិ៍សាត់ ,កំពង់ស្ពឺ​(​ស្រុក​ជាប់​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រ៉ា​ល់ )​,កោះកុង និង​ខេត្ត​ព្រះសីហនុ​(​កំណាត់​ផ្លូវជាតិ​លេខ ៤ រវាង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​)​។ ទន្ទឹមនឹងនេះ​ ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​មេគង្គ ដែល អាចធ្វើ​ឲ្យ​ទឹកទន្លេ មានការ​ងើបឡើង​វិញ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print