ទេសរដ្ឋមន្រ្តី គន់ គីម៖ ស្នើរដល់ក្រុមការងារគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ​ បន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិ​ និងមនុស្សបង្កឡើងដោយយថាហេតុ (មាន​វីដេអូ​)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្តនៅខែកញ្ញា ឆ្នាំ២០២២ របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​កាលពីរសៀលថ្ងៃទី២​ ខែកញ្ញាម្សិលមិញនេះ​។

គូសបញ្ជាក់ថា​ នៅក្នុងខែសីហានេះ ស្ថានភាពអាកាសធាតុសាកលបានបង្ហាញនូវគ្រោះមហន្តរាយ ដោយធម្មជាតិ ផ្សេងៗ ដែលជាផលវិបាកនៃការប្រែប្រួលអាកាសធាតុបានកើតមាននៅក្នុងពិភពលោក ក៏ដូចជានៅក្នុង តំបន់ដូចជា៖ ការរាំងស្ងួត កម្រិតក្តៅខ្លាំង ភ្លើងឆេះព្រៃ ជំនន់រហ័ស និងខ្យល់ព្យុះ ដែលកើតឡើងមិនធម្មតា និងខុសប្លែកជាងឆ្នាំកន្លងទៅ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា ក្នុងខែសីហា ឆ្នាំ២០២២  មនុស្សរងគ្រោះស្លាប់ដោយសារទឹកជំនន់មាន ៩នាក់ ប្រជាពលរដ្ឋរងគ្រោះមានចំនួនជាង ២ម៉ឺនគ្រួសារ គិតជាចំនួនពលរដ្ឋមានជាង ៨ម៉ឺននាក់ លំនៅឋានលិចទឹកមានជាង ៣ពាន់ខ្នង និងបង្កផលប៉ះពាល់ដល់ដំណាំផ្សេងៗទៀតជាដើម។

មានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២​ ខែកញ្ញាម្សិលមិញនេះ​ លោកទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលទទួលរងគ្រោះក្នុងផ្នែកមួយនៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពី ការទទួលរងនូវបរិមាណទឹកភ្លៀងច្រើនខុសពីធម្មតា​ ក្នុងក្របខណ្ឌទូទាំងប្រទេស ទាំង ក្នុងរដូវប្រាំង និងក្នុងរដូវវស្សា ហើយក៏បានបង្កផលប៉ះពាល់ និងខូចខាតច្រើនលើគ្រប់វិស័យ។​ លោកទេសរដ្ឋមន្រ្តីបន្តទៀតថា​ ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយមានកម្ពស់ទឹកបានឡើងលើសកម្រិតប្រុងប្រយ័ត្នដូចជា ទន្លេស្រែពក ខេត្តរតនគិរី ស្ទឹងក្រឡាញ់ ខេត្តសៀមរាប និងស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងកំពង់ធំជាដើម។ មូលដ្ឋានខេត្តចំនួន ១៩ បានទទួលរងការប៉ះពាល់ក្នុងកម្រិតស្រាល និងមធ្យមលើកលែងខេត្តកណ្តាល តាកែវ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ ។

លោកទេសរដ្ឋមន្រ្តីអនុប្រធានទី១ មានប្រសាសន៏បន្តថាបច្ចុប្បន្នភាពនេះ៖ ប្រជាពលរដ្ឋរងគ្រោះ ២០៩៦៤គ្រួសារ ប្រមាណ ៨៣៨៥៦នាក់ ប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ៣០៧គ្រួសារ ប្រមាណ ១២២៨នាក់លំនៅដ្ឋានលិចទឹក ៣២៧៤ខ្នង និងខូចខាត ០៤ខ្នង , សាលារៀនលិចទឹក ១៤កន្លែង វត្តអារាម ៧កន្លែង មន្ទីរពេទ្យ ២កន្លែង និងស្នាក់ការកង កម្លាំងឈរជើងតាមព្រំដែន ៦កន្លែង (ខេត្តបន្ទាយមាជ័យ) , ការរងគ្រោះស្លាប់ ០៩នាក់ (ស្រី ៣, ក្មេង ៦)ក្នុងឆ្នាំ២០២២នេះ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការ និងចូលរួមជាមួយក្រសួងពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការត្រៀម និងការ អន្តរាគមន៍សង្គ្រោះ និងឆ្លើយតបគ្រប់ហេតុការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានក្នុងរដូវវស្សាជាពិសេសជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ។​ លោកទេសរដ្ឋមន្រ្តីបានលើកឡើងផងដែលថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលា និងស្តារឡើងវិញនូវរាល់ការខូចខាតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសគឺហេដ្ឋា រចនាសម្ព័ន្ធជនបទ និងវិស័យកសិកម្ម។

...

បន្ថែម​ពីនេះ​ លោកទេសរដ្ឋមន្រ្តី គន់ គីម​ ក៏បានស្នើរទៅដល់ក្រុមការងារគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ​ បន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិ​ និងមនុស្សបង្កឡើងដោយយថាហេតុ៕ដោយ​៖ស​ តារា​
IMG_5236

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print