កម្ពុជា​ ទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជា​ ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ​ ទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត ៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​តួលេខ​របស់​ក្រសួងទេសចរណ៍ បាន​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២។

ជាក់ស្ដែង​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់ការសិក្សាជំនាញឆុងកាហ្វេ និងភេសជ្ជៈនៅក្រសួងទេសចរណ៍នៅថ្ងៃទី២ ខែកញ្ញាម្សិលមិញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានថ្លែងថា តាមរយៈការទទួលបានតួលេខភ្ញៀវអន្តរជាតិមកទស្សនា កម្ពុជាប្រមាណ ១លាននាក់នេះ បើប្រៀបធៀបនឹងរយៈពេល០៨ខែ ២០១៩វិញ គឺថយចុះ ៨៥% ហើយ បើយោងតាម ការព្យាករណ៍ចុងក្រោយនេះ កម្ពុជាយើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៥សែននាក់ទៅ ២ លាននាក់ នៅក្នុងឆ្នាំ២០២២ នេះ។

លោក ថោង ខុន បន្តថា យ៉ាងណាក៏ដោយ នៅក្នុងដំណាក់កាលនេះ សំគាល់ឃើញថា បណ្តា អាជីវកម្មនានា ក្នុងវិស័យទេសចរណ៍នៅតែបន្តមានតម្រូវការខ្ពស់នៃការចេញដើរ​កម្សាន្តរបស់​ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលមានស្រាប់នៅក្នុងស្រុក ហើយដើម្បីជម្រុញចលនាទេសចរ​ក្នុងស្រុកចេញដើរបាន អាជីវកម្មទេសចរណ៍គឺត្រូវសហការរៀបចំផ្តល់សេវាប្រកបដោយគុណភាព តម្លៃសមរម្យ ខណៈរាជរដ្ឋាភិបាលក៏បានបើកឱកាសឲ្យទេសចរអន្តរជាតិ​ដែលស្នាក់នៅកម្ពុជាបាន ២ឆ្នាំគឺអាចចូលទស្សនាអង្គរវត្តដោយមិនបាច់ទិញសំបុត្រ។

លោក ថោង ខុន បន្តថា ក្នុងងបរិការណ៍ងើបឡើងវិញនៃវិស័យទេសចរណ៍នេះ ក្រសួង​ទេសចរណ៍ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើ(១)ការពង្រឹងភាពជឿជាក់និងទំនុកចិត្ត (២)ការពង្រឹងគុណភាពសេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី (៣)ការបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរទាំងទេសចរអន្តរជាតិ និង​ទេសចរក្នុងស្រុក និង(៤)ការកំណត់តម្លៃសេវាកម្មសមរម្យដែល​ជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print