សហព័ន្ធកីឡាវាយសីពិភពលោក (BWF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញាថា ព្រឹត្តិការណ៍ Hong Kong Open ដែលនឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកា ត្រូវបានលុបចោលជាលើកទី៣ ជាប់ៗគ្នា ដោយសារជំងឺរាតត្បាត COVID-19 ដែលកំពុងបន្តនិងភាពស្មុគស្មាញនៃវិធានការដាក់ឱ្យនៅដាច់ដោយឡែករបស់កីឡាករក្នុងទីក្រុង។
ព្រឹត្តិការណ៍ដែលជាការប្រកួត Super 500 គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Kowloon ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ។
BWF បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាគមកីឡាវាយសីហុងកុង (HKBA) បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋាភិបាលដើម្បីស្វែងរកការអនុម័តពិសេសលើការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍” ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការដាក់កម្រិតឱ្យនៅដាច់ដោយពីគ្នានៅតែទាមទារសម្រាប់ភ្ញៀវបរទេសទាំងអស់ ហើយHKBA បានសន្និដ្ឋានថាមិនមានជម្រើសដែលអាចសម្រេចបានក្រៅពីការលុបចោលការប្រកួតនោះទេ។
ហុងកុងគឺជាកន្លែងចុងក្រោយមួយក្នុងពិភពលោកដែលនៅតែមានការរឹតបន្តឹងពីការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាសម្រាប់ការមកដល់របស់ជនបរទេស ប៉ុន្តែបានកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ពីគ្នាកាលពីដើមខែនេះពី៧ថ្ងៃមកត្រឹម៣ថ្ងៃ ដោយសារមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីស្វែងរកការបន្ធូរបន្ថយច្បាប់រាតត្បាតដ៏តឹងរ៉ឹងជាលំដាប់។
ចំណែកព្រឹត្តិការណ៍ Macau Open ដែលជាព្រឹត្តិការណ៍ Super 300 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកាដល់ថ្ងៃទី៦ខែវិច្ឆិកា ក៏ត្រូវបានផ្អាកជាលើកទី៣ជាប់ៗគ្នាផងដែរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សហព័ន្ធកីឡាវាយសីរបស់ម៉ាកាវបានឲ្យដឹងថា ខ្លួនមិនអាចធ្វើជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំនេះបានទេ ដោយសារការរឹតបន្តឹងការធ្វើដំណើរ និងការចូលមកកាន់ទឹកដី និងវិធានការការពារសុខភាពដែលកំពុងដំណើរការ។ រីឯព្រឹត្តិការណ៍ BWF World Tour បានបន្តធ្វើនៅ Japan ក្នុងតំបន់ Osaka ដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យ ៕ (រូបភាព ៖ AFP/CNA)