ខេត្តកំពង់ធំ៖ យោងតាមសាក្សីនៅកន្លែងកើតហេតុអោយដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១០:៣០នាទីនៅចំណុច ផ្លូវកែង ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានរថយន្តមួយគ្រឿងប្រភេទកូរ៉េ ពណ៌ខៀវលាយស ចំណុះ២តោនកន្លះ ពាក់ស្លាកលេខកំពង់ធំ 3A-005 បើកបរយ៉ាងលឿនទិសដៅពីលិច ទៅកើតមកដល់ចំណុចកើតហេតុខាងលើក៏បានផ្ទុះកង់មុខផ្នែកខាងឆ្វេង រ៉េចង្កូតពេញថ្នល់ ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានអ្នកគ្រោះថ្នាក់ឡើយ។
ប្រភពដដែលបានបន្តទៀតថាមួយសន្ទុះក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចបានមកដល់ ក្នុងនោះមានដូចជាកម្លាំងអធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយនិង កម្លាំងជំនាញរដ្ឋបាលព្រៃឈើផ្នែកស្ទោង ចុះមកពិនិត្យមើលទើបដឹងថារថយន្តដែលផ្ទុះកង់ខាងលើនេះដឹកផលអនុផលព្រៃឈើដោយខុសច្បាប់។
ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តនេះខាងលើនេះ ជាកម្មសិទ្ធិ របស់ឈ្មួញ ដុះស្លែរឈ្មោះ ទៀប ធួក អាយុ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបុគ្គលខាងលើមានរថយន្តខ្នាតធំៗ ៤ទៅ៥គ្រឿង តែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាញឹកញាប់ដឹកជញ្ជូនពីចំណុចព្រៃសហគមន៍ស្រែក្រសាំង ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក៏ត្រូវបានជំនាញធ្វើការឃាត់ជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែជនល្មើសឈ្មោះទៀប ធួក នេះមិនរៀងចាលឡើយ។
ប្រភពពីសមត្ថកិច្ចដដែរបានឲ្យដឹងទៀតថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះវាយខ្នោះម្តងហើយ ចំណែករថយន្តដែលដឹកផលអនុផលព្រៃឈើនោះ រក្សាទុកនៅអធិការខាងជើងបឹងទន្លេសាប មិនទាន់ដោះស្រាយចប់សប់គ្រប់នៅឡើយទេ ។
ស្របពេលកម្លាំងសមត្ថកិច្ចចម្រុះទៅដល់ សង្កេតឃើញថា មានមនុស្ស ៤នាក់បានធ្វើសកម្មភាពទម្លាក់ផលអនុផលព្រៃឈើចេញពីរថយន្ត ដើម្បីលុបបំបាត់ភស្តុតាងចេញពីរថយន្ត ហើយបើករត់ចេញពីកន្លែងហេតុដោយសុវត្ថិភាព។
ទង្វើទាំងអស់នេះមហាជនកំពុងងឿងឆ្ងល់ថា ខណៈពេលដែលជនប្រព្រឹត្តបទល្មើសនេះកំពុងទម្លាក់វត្ថុតាងចេញពីរថយន្តហេតុអីគ្មានការអន្តរាគមន៍ពីកម្លាំងជំនាញ រហូតដល់ជនល្មើសដឹកជញ្ជូនព្រៃឈើយ៉ាងសកម្មខាងលើនេះហ៊ានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បានយ៉ាងរលូនបែបនេះទៅវិញ។ មហាជនខ្លះទៀត ក៏បញ្ចេញមតិថាប្រសិនជាសមត្ថកិច្ចជំនាញមានឆន្ទៈពិតមែនគឺ រថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើមិនអាចបើករត់គេចបាននោះទេ។ទាំងអស់នេះហើយទើបមហាជនដាក់ការសង្ស័យថាជាការបើកភ្លើងខៀវឲ្យរត់គេចជាថ្នូរនិងលាបសក្ការៈ។
ជាមួយគ្នានេះលោក កែ កញ្ចនា នាយអធិការនគរបាលស្រុកកំពង់ស្វាយ ឱ្យដឹងដែរថាកម្លាំងអធិការរបស់លោកពិតជាបានចូលរួមក្នុងសកម្មភាពសហការពិតមែន ប៉ុន្តែពាក់ព័ន្ធនឹងបទល្មើសព្រៃឈើគឺលោកសូមប្រគល់ឲ្យខាងជំនាញ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ត្រង់ចំណុចស្លាកលេខរបស់រថយន្តខាងលើនេះ គឺមិនប្រក្រតី បានបន្លំភ្នែករបស់សមត្ថកិច្ច និងមហាជន ។
រហូតដល់វេលាម៉ោង២រសៀល ថ្ងៃដដែលរថយន្តដែលបានដឹកផលអនុផលព្រៃឈើនោះ ក្រោយពីសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្ទោង និងកម្លាំងនគរបាលសហការណ៍ ស្រុកកំពង់ស្វាយហ៊ុមព័ទ្ធបានមួយដង្ហើមចង្រិត ក៏បាត់ស្រមោលរថយន្តតែម្ដង។
លោកតិប ញាតា នាយអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធបញ្ហារថយន្តដឹកផលអនុផលព្រឈើខាងលើនោះបានគេចបាត់ស្រមោល តែទោះបីជាយ៉ាងណា ក៏ដោយ មន្ត្រីអធិការរដ្ឋបាលព្រៃឈើខាងបឹងទន្លេសាបប្រមូលវត្ថុតាងទាំងអស់យកទៅរក្សាទុក និងកសាងសុំរឿងទៅតុលាការ រៀបចំដោយថ្នាក់ជាតិ ជំនួសផ្នែករដ្ឋបាលព្រៃឈើស្ទោងវិញ ដែរមិនមានវិធានការចំពោះបញ្ហាខាងលើនេះយ៉ាងណាក្តី វាជារឿងមួយផ្សេងទៀត ដែលបានចូលរួមបង្ក្រាប និងទប់ស្កាត់បទល្មើសជាក់ស្ដែងហើយ តែមិនអាចឃាត់ ឬចាប់បញ្ចូនមកកាន់ផ្នែករដ្ឋបាលព្រៃឈើរបស់ខ្លួន៕
ដោយ៖ មន្នី