ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ
សុខៗស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកកៀរបណ្តាលឱ្យជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍មួយដើមនៅតាមចិញ្ចើមផ្លូវបាក់រាបដល់ដី បណ្តាលឱ្យអ្នកជិះម៉ូតូនោះរងរបួសធ្ងន់។ចំណែករថយន្តបង្កហេតុបានបង្កើនល្បឿនបន្តដំណើរទៅមុខទៀតបាត់ស្រមោលទៅ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៥៨ប៉េ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CB-3064ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកពីក្រោយហើយកៀរម៉ូតូបណ្ដាលឱ្យម៉ូតូរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលស្លាកសញ្ញាមួយដើមបាក់រាបដល់ដីធ្វើឱ្យ អ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តបង្កហេតុមិនបានឈប់នៅកន្លែងកើតហេតុនោះទេគឺបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃដើម្បីជួយសង្គ្រោះភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ៕
ដោយ៖សុខាសែនជ័យ