ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា លោក ជា សំអាង រដ្ឋលេខាធិការ នៃក្រសួងបរិសា្ថន និងជាជនបង្គោលសម្រាប់កម្មវិធីស្តារសត្វខ្លាធំ តំណាងដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ ដែលមានតំណាងអញ្ជើញមកពីប្រទេសសរុបចំនួន១៤ (វត្តមានជាក់ស្តែង៩ប្រទេស)ចូលរួម និងវេទិកានេះរៀបចំឡើងដោយប្រទេសរុស្ស៊ី និងប្រព្រឹត្តទៅនៅទីក្រុង Vladivostok។
គោលបំណង នៃវេទិកាខាងលើគឺ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព នៃការអភិរក្សសត្វខ្លាធំនៅលើពិភពលោក និងអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Vladivostok ស្តីអំពីការអភិរក្សសត្វខ្លាធំ។
លោក ជា សំអាង បានជម្រាបជូនអង្គវេទិកាថា ក្នុងពេលដែលកម្ពុជាទទួលបានសុខសន្តិភាព ឯកភាពជាតិ ស្ថេរភាពនយោបាយ និងក្នុងដំណើរនៃកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រគោលការណ៍ស្តារសត្វខ្លាធំ និងផែនការសកម្មភាពចំនួន ៨ចំណុចសម្រាប់ស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញជាអាទិភាពរួមមាន៖
*១)ជំរុញការអនុវត្តគម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញ។
*២)ដោះស្រាយបញ្ហា នៃការដាក់អន្ទាក់សត្វព្រៃតាមរយៈយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងរបស់សាធារណជន។
*៣)ជំរុញការស្ដារសត្វរំពាររបស់សត្វខ្លា។
*៤)ជំរុញកិច្ចសហការជាមួយបណ្ដាប្រទេសដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌាក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជាឲ្យបានជោគជ័យ។
*៥)រក្សាការពារតំបន់ការពារធម្មជាតិជាអាទិភាព
ដើម្បីកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា។
*៦)ពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់និងមន្ត្រីឧទ្យានុរក្ស។
*៧)ជំរុញកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជិតខាងនៅក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លះធំនៅកម្ពុជា និង
*៨)ជំរុញកម្មវិធីតាមដានត្រួតពិនិត្យសត្វខ្លានិងសត្វរំពាររបស់សត្វខ្លាដោយប្រើប្រាស់នូវស្ថិតិនិងបច្ចេកវិទ្យាថ្មីៗ៕ដោយ៖សហការី