ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២០២,៦៣៦នាក់ ក្នុងនោះភ្ញៀវជាតិ១៨៣,២៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៣៦០នាក់។
ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២៩,១៦១នាក់
* ខេត្តកំពត ២៨,០២២នាក់
* ខេត្តសៀមរាប ២៤,៨៤៩នាក់
* ខេត្តបាត់ដំបង ១៧,២៩០នាក់
* រាជធានីភ្នំពេញ ១៦,៧៧៩នាក់
* ខេត្តកណ្តាល ១៤,៥៨៤នាក់
* ខេត្តកំពង់ស្ពឺ ១១,៧៦០នាក់
* ខេត្តកែប ១០,៩១៩នាក់។
តួលេខខាងលើ មានការថមថយប្រមាណ៩.៨៥% ធៀបនឹងសប្តាហ៍កន្លងមក ដោយសារកត្តាអាកាសធាតុនារដូវវស្សា ដែលមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។
ក្នុងការខិតខំប្រឹងប្រែងជំរុញចលនាបរទេសផ្ទៃក្នុង ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គ្រឹះស្ថានអង្គរសហការជាមួយក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តគោលការណ៍ថ្មីរបស់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ដែលបាននិងកំពុងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំទ្បើងទៅ រួមមាន មន្រ្តីការទូត វិនិយោគិន មន្រ្តីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុននិងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ៕
ដោយ៖សហការី