ក្រុមអ្នកអភិរក្សសត្វព្រៃ៖ វិបត្តិអន្ទាក់ទៅលើសត្វព្រៃនៅកម្ពុជា នៅតែជាក្តីបារម្ភដ៏ខ្លាំង ខណៈវាមានតម្លៃថោក ងាយស្រួលនឹងដើររកទិញ ដើម្បីចាប់យកសត្វព្រៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមអ្នកអភិរក្ស និងស្រឡាញ់សត្វព្រៃ លើកឡើងថា វិបត្តិអន្ទាក់ទៅលើសត្វព្រៃនៅកម្ពុជា នៅតែជាក្តីបារម្ភដ៏ខ្លាំង ខណៈវាមានតម្លៃថោក ងាយស្រួលនឹងដើររកទិញ ដើម្បីចាប់យកសត្វព្រៃ ដែលមាន តម្លៃជាសកល​ និងសង្ឃឹមថា យុទ្ធនាការអន្ទាក់សូន្យ នឹងលើកកម្ពស់ការយល់ដឹងរបស់ ប្រជាពលរដ្ឋទូទាំប្រទេស និងអាចឈានជួយកាត់បន្ថយតម្រូវការនៃការបរិភោគសត្វព្រៃ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ កាលពីថ្ងៃទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២២ម្សិលមិញនេះ​។

លោកបណ្ឌិត Jackson Frechette នាយកកម្មវិធីនៃមហាតំបន់មេគង្គរបស់អង្គការអភិរក្សអន្តរជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ការដាក់អន្ទាក់ចាប់សត្វព្រៃ គឺជាបញ្ហាដ៏ធំមួយនៅទូទាំងប្រទេស ជាពិសេសតំបន់ព្រៃឈើនៅក្នុងខេត្តរតនគិរី។ មូលហេតុភាគច្រើននៃការដាក់អន្ទាក់ចាប់សត្វព្រៃនេះ គឺដើម្បីបំពេញតម្រូវការក្រុមមនុស្សដែលស្វែងរកការបរិភោគសាច់សត្វព្រៃ តែសម្មភាពទាំងនេះវាប៉ះពាល់ យ៉ាងខ្លំាងទៅលើជីវៈចម្រុះ ហើយយើងទាំងអស់គ្នានឹងប្រឈមនៅសល់តែព្រៃទទេ (គ្មានសត្វព្រៃ) ប្រសិនបើសកម្មភាពនេះនៅតែបន្ត»។

ដូចគ្នានេះ លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ហៅកាត់ FFI ប្រចាំប្រទេស កម្ពុជា បានថ្លែងថា អន្ទាក់ គឺជាការគំរាមកំហែងដ៏ធំបំផុតដល់សត្វព្រៃនៅក្នុងព្រៃរបស់កម្ពុជា។ អន្ទាក់ដែលមានតម្លៃថោក ងាយស្រួលដាក់ពង្រាយ ពិបាករក និងមើលមិនឃើញ ហើយអន្ទាក់កំពុងបំផ្លាញ តំបន់ការពារធម្មជាតិដែលជាជម្រករបស់សត្វព្រៃដែលត្រូវបាននិងកំពុងការពារ។ លោកបន្តថា «យើងត្រូវ ចាត់វិធានការឥឡូវនេះដើម្បីកាត់បន្ថយតម្រូវការសាច់សត្វព្រៃដែលជំរុញឱ្យមានការដាក់អន្ទាក់ និងពង្រឹង ការអនុវត្តន៍ច្បាប់»។

ចំណែក លោកស្រី Christel Griffioen លោកនាយកប្រចាំប្រទេសនៃអង្គការACCB និងជាសមាជិកស្នូល នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានថ្លែងថា « អន្ទាក់ គឺជាឃាតកសម្លាប់សត្វព្រៃមិនរើសមុខនិងធ្វើឱ្យ សត្វព្រៃជាច្រើនប្រភេទរងរបួសធ្ងន់ធ្ងរ ដោយរាប់ចាប់ពីពពួកថនិកសត្វ រហូតដល់សត្វស្លាប ។ ដរាបណាតម្រូវការជួញដូរសាច់សត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន ការដាក់អន្ទាក់នឹងនៅតែបន្តកើតមាន។ តាមរយៈការពង្រឹងការអនុវត្តន៍ច្បាប់ឱ្យមានប្រសិទ្ធភាព រួមជាមួយការអប់រំផ្សព្វផ្សាយ យើងត្រូវកាត់បន្ថយ តម្រូវការសាច់សត្វព្រៃ និងការដាក់អន្ទាក់»។

របាយការណ៍បានពីការតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការ WWF បានបង្ហាញថា រយៈពេល១១ឆ្នាំ ចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ សត្វព្រៃប្រភេទក្រចកជើងចំពាមមានដូចជា៖ ទន្សោង ឈ្លូស ជ្រូកព្រៃ ប្រើស រមាំង ខ្ទីង ជាដើមនេះ មានចំនួនកាន់តែតិចទៅៗនៅក្នុងតំបន់ស្នូល នៃដែនជម្រក សត្វព្រៃស្រែពក និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ កត្តាដែលនាំឱ្យពពួកសត្វទាំងនេះថយចុះ គឺដោយសារ បញ្ហា ការបាត់បង់ព្រៃជម្រក ការដាក់អន្ទាក់ ការប្រមាញ់ខុសច្បាប់និងការជួញដូរ និងបញ្ហាកង្វះប្រភពទឹក។

តាមការបញ្ជាក់របស់កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បានឱ្យដឹងថា ចំនួនសត្វទន្សោង បានធ្លាក់ចុះចំនួន៨៩ភាគរយ គឺពីចំនួន៣០១៣ក្បាល នៅឆ្នាំ ២០១០ មកនៅត្រឹម៤៣៩ក្បាល នៅឆ្នាំ២០២២ ខណៈសត្វឈ្លូសធ្លាក់ចុះចំនួន៦៥ភាគរយ ពីចំនួនសត្វ ឈ្លូសចំនួន៦.៩៩៦ក្បាល មកនៅចំនួន២.៤៦៦ក្បាល និងសត្វជ្រូកព្រៃធ្លាក់ចុះចំនួន១៥ភាគរយ ពីចំនួន ៤៩០៩ក្បាល មកនៅចំនួន៤.១៦២ក្បាល។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាម មានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះ ប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាហ្មណ៍ មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាត មានវត្តមានឡើង វិញ ក្នុងដែនជម្រកសត្វព្រៃស្រែពក។ លោក បន្តថា «យើងទាំងអស់គ្នា នឹងបន្តកិច្ចខិតខំប្រឹងប្រែង បន្តទៀត ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងស្នើសុំអ្នកនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងចូលរួមការពារអភិរក្សសត្វព្រៃ»។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងអប់រំ ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិតសត្វ ក៏ដូចជាការផ្លាស់ប្តូរឥរិយាបថ ពលរដ្ឋឱ្យលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាត់ការជួញដូរសាច់សត្វព្រៃ ដើម្បីជាប្រយោជន៍ទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍៕

...

ដោយ៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print