ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៥នាក់(ស្រី១នាក់) របួសធ្ងន់ ៥នាក់(ស្រី២នាក់) របួលស្រាល ១នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក។
ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ និងជីវិតលោកអ្នកព្រមទាំងក្រុមគ្រួសារ។
សូមជម្រាបដែរថា នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញថា៖ ក្នុងរយៈពេល០៦ថ្ងៃ(គិតចាប់ពីថ្ងៃទី០១-០៦ ខែកញ្ញានេះ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៣.០៧៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១.៩៨៣គ្រឿង ម៉ូតូមានចំនួន ១.៦៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស៕ដោយ៖ស តារា