ក្រុមចារកិច្ចអាមេរិកបានឱ្យដឹងថា រុស្ស៊ីបានទិញមីស៊ីលជាច្រើនពីប្រទេសកូរ៉េខាងជើងសម្រាប់ធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
តាមសារព័ត៌មាន New York Times បានផ្សាយនៅថ្ងៃទី ៥ខែកញ្ញាថា តាមឯកសាររបស់ក្រុមចារកិច្ចអាមេរិកបង្ហាញឱ្យឃើញថា រុស្ស៊ីបានប្រើប្រាស់អស់គ្រាប់រំសេវជាច្រើននៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន។ ដូច្នេះរុស្ស៊ីបានទិញអាវុធជាច្រើនពីកូរ៉េខាងជើង សម្រាប់បំពេញតម្រូវការនៅក្នុងសង្គ្រាមនេះ។
ព័ត៌មានខាងលើត្រូវបានប្រកាស ក្រោយពេលអាមេរិកបញ្ជាក់ថា រុស្ស៊ី ទទួលបានយន្តហោះគ្មានមនុស្សបើកជាច្រើនពីប្រទេសអុីរ៉ង់ ក្នុងនោះមានទាំងយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធវាយប្រហារគោលដៅទៀតផង ។ តាមការលើកឡើងរបស់មន្ត្រីអាមេរិកបានបញ្ជាក់ថា ការណ៍ដែលរុស្ស៊ីទិញអាវុធជាច្រើន ពីប្រទេសអុីរ៉ង់ និងកូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថា ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចទៅលើរុស្ស៊ីកំពុងតែមានប្រសិទ្ធភាព។
បច្ចុប្បន្នមិនទាន់មានតួលេខច្បាស់លាស់ស្តីពីចំនួនអាវុធដែលរុស្ស៊ីទិញពីកូរ៉េខាងជើង ក៏ដូចជាពីប្រទេសអុីរ៉ង់នោះឡើយ ។ ប៉ុន្តែសារព័ត៌មាន New York Times បានផ្សាយថា រុស្ស៊ីបានទិញអាវុធពីកូរ៉េខាងជើងដើម្បីប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែន។
កន្លងមក រុស្ស៊ីក៏បានពិភាក្សា ជាមួយគណៈប្រតិភូមកពីសាធារណរដ្ឋ Donesk (DPR)និង Lugansk (LPR) ដែលកូរ៉េខាងជើងបានទទួលស្គាល់ថាជាប្រទេសឯករាជ្យ ពីសំណើជួយដល់ប្រទេសនេះនៅក្នុងការកសាងតំបន់ ខាងលើឡើងវិញក្រោយសង្គ្រាមដែរ៕ ដោយធីរីណា
រូបថត :KCNA