ខេត្តកំពង់ឆ្នាំង៖ លោក ហ៊ូ ប៊ុនថន អភិបាលរងស្រុកកំពង់លែង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២២ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង សហការជាមួយសង្កាត់រដ្ឋបាលជលផលកំពង់លែង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចក្រោមទំនប់បាដាញ ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ដោយប្រើប្រាស់កម្លាំងសរុប ១១នាក់មធ្យោបាយកាណូតស្មាច់ចំនួន០៣ គ្រឿង។
ក្នុងប្រតិបត្តិការនោះ កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានដកហូតវត្ថុតាងរួមមាន៖ រុះរើរបាំងសាច់អួនចំនួន០១ករណីស្មើនឹង៥កន្លែង ប្រវែង៥៥០ម៉ែត្រ លូសាច់អួនចំនួន២០មាត់ បង្គោលសរុបចំនួន ១៥០ដើម។ ក្រោយប្រតិបត្តិការចប់កម្លាំងជំនាញ ក៏បានយលសម្ភារៈនិង វត្ថុតាងទាំងនោះទៅបំផ្លាញចោលនៅនិងកន្លែងផងដែរ។
សូមរម្លឹកដែរថា កាលពីថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ លោក ភុន សុវណ្ណា នាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង សហការជាមួយក្រុមការងារថ្នាក់ជាតិ បង្ក្រាបបទល្មើសជលផលប្រចាំការ នៅបឹងទន្លេសាបមានទីតាំងនៅកន្លែងអភិរក្សជលផលជ្រោយស្ដី ដឹកនាំដោយលោកវរសេនីយ៍ឯក គុជ សុភាព តំណាងអគ្គស្នងការនគរបាលជាតិ រួមមានកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ ដែលមានកម្លាំងសរុបចំនួន ៣២នាក់និងកាណូតចំនួន៣គ្រឿង បានចុះអធិការកិច្ចនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅផ្ទៃបឹងទន្លេសាប ចំណុចក្រចាប់ ឃុំអន្សាចំបក់ ស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់-ខេត្តកំពង់ឆ្នាំង ។
បេីតាមលោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានសហការចុះពិនិត្យជាក់ស្ដែង និងអធិការកិច្ចរួច ក្រុមការងារបានធ្វើការរុះរើបំផ្លាញចោលនឹងវត្ថុតាងរួមមាន ៖ -របាំងស្បៃមុង០៦ខ្សែ ប្រវែង ១៧៥០ម៉ែត្រ -លូកងស្បៃមុងចំនួន ១៥គ្រឿង -បង្គោលចំនួន២៥០ដើម និងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាម ។
លោកវរសេនីយ៍ឯក សៀន វិរ: បានបន្តទៀតថា ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបំផ្លាញចោលនៅហ្នឹងកន្លែង និងបានលែងកូនត្រីចម្រុះចំនួន៥៥គីឡូក្រាមចូលក្នុងទឹកទន្លេវិញ៕
ដោយ៖សហការី