ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម បានថ្លែងថា៖ ជារៀងរាល់ឆ្នាំចាប់ពីដើម ខែមិថុនា រហូតដល់ចុង ខែកញ្ញា គឺជារដូវបិទនេសាទ ដើម្បីទុកឲ្យមេពូជត្រី បានពងកូន បន្តពូជទុកសម្រាប់ឆ្នាំក្រោយៗទៀត។ ការថ្លែងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វេីឡេីងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នាឱកាសប្រារព្ធពិធីលែងកូនត្រីពូជ១០ម៉ឺនកូន និងដាំកូនឈើ នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានមន្ត្រី និងមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។
លោកអភិបាលខេត្តបន្តថា ដូចបងប្អូនជ្រាបហើយថា នៅប្រទេសយើង សម្បូរដោយត្រីទឹកសាប ដោយសារមានបឹងទន្លេសាប ប្រព័ន្ធទន្លេ ស្ទឹង បឹងបួរ នានា ដែលអាចផ្ដល់នូវបរិមាណផលត្រីយ៉ាងច្រើនសម្រាប់បំរើ ជាម្ហូបអាហារ របស់ប្រជាជនយើង។ ជាការពិតណាស់ប្រទេសយើង មានផ្ទៃដីដាំដំណាំស្រូវ ដែលមានគុណភាពល្អ ស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការទីផ្សារពិភពលោក ដែលកំពុងតែមានការរីកចម្រើន។
ដោយឡែក ចំពោះវិស័យជលផលកម្ពុជា ក៏ជាចំណែកមួយនៃផលទុនជាតិ ដែលមានប្រជាពលរដ្ឋជាច្រើននាក់ ពាក់ព័ន្ធនឹងវិស័យជលផលដូចជា អ្នកធ្វើនេសាទពេញម៉ោង អ្នកធ្វើនេសាទមិនពេញម៉ោង អ្នកធ្វើនេសាទម្តងម្កាល អ្នកកែច្នៃផលនេសាទ ឬអ្នកទិញ លក់ដូរ ផលនេសាទជាដើម។ ហេតុនេះហើយទើបគេអាចចាត់ទុកថា ប្រទេសកម្ពុជាយើង ជាសង្គមបរិភោគត្រី ដោយគិតជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ហូបត្រីអស់ ៥២,៤០ គ.ក្រ ក្នុងមួយឆ្នាំ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងសម្បូរដោយត្រីទឹកសាប បានផ្គត់ផ្គង់ម្ហូបអាហាររបស់ប្រជាជនយើងបានគ្រប់គ្រាន់។ ប៉ុន្តែមួយរយៈចុងក្រោយនេះ វិស័យជលផលកម្ពុជា បានរងនូវផលប៉ះពាល់មួយចំនួន តាមរយៈកត្តា បម្រែបម្រួលអាកាសធាតុជាសាកលការនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។ល។
នៅឆ្នាំ២០២១នេះ បានរួមចំណែក ២៤,៤% ផលិតផលក្នុងស្រុកសរុបរបស់វិស័យកសិកម្ម ហើយការប្រែប្រួលកំពស់ទឹក ការកាប់ទន្ទ្រានព្រៃលិចទឹក តែទោះជាយ៉ាងនេះក្តីក៏វិស័យជលផលកម្ពុជា មានប្រជាពលរដ្ឋយ៉ាងច្រើន នាក់ពាក់ព័ន្ធ នឹងវិស័យជលផល។ ក្នុងន័យនេះជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី០១ កក្កដា ជារៀងរាល់ឆ្នាំ ជាទិវាមច្ឆជាតិ ដែលបានប្រារព្ធធ្វើនៅតាមបណ្តាខេត្តនានា៕ដោយ៖សហការី