(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារដោះស្រាយទំនាស់ដីធ្លីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក បេងហុង សុជាតិ ខេមរ៉ូ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីលើផ្ទៃដីចំនួន ៨២ហិចតា ជាដីរបស់រដ្ឋ (ដីព្រលានយន្តហោះ) ដែលទទួលរងពីការរំលោភបំពាន ពីប្រជាពលរដ្ឋ កាន់កាប់យកជាកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី៖ ក្រុមការងារថ្នាក់ជាតិ, ក្រុមការងារថ្នាក់ខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលស្រុក មេឃុំ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២៦នាក់។
នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍មួយចំនួន ដូចខាងក្រោម៖
១) រៀបចំផែនការ និងបង្កើតក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការដោះស្រាយបន្ត។
២) បន្តដោះស្រាយលើគ្រួសារ ចំនួន២៥គ្រួសារ ក្នុងនោះ មាន១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង៨គ្រួសារទៀត បន្តនីតិវិធី។
៣) រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត ៕