ភ្នំពែញៈ នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចែកជូនដល់អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងចាស់ជរាគ្មានទីពឹង ចំនួន ៨០គ្រួសារ មកពីសង្កាត់ទាំង៨ ជាមួយអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ, ទឹកស៊ីអ៊ីវ ០១យួរ, មី ១កេស និងថវិកាមួយចំនួន ពីខណ្ឌ៧មករា ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពប្រចាំថ្ងៃ ។លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុត ជំងឺអុតស្វា ទាំងអស់គ្នា ។
ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋថា ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល នាំអោយសំរាមហូរតាមទឹកភ្លៀង បង្កជាការកកស្ទះតាមមាត់អណ្តូងលូ ឬហូរចូលប្រឡាយ នាំកកស្ទះផ្លូវ បណ្តាលអោយលិចលង់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ជាចំបង ។