ខេត្តបន្ទាយមានជ័យៈ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រួមជាមួយប្រតិភូ និងមានការអញ្ជើញចូលរួមពីលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកស្រីឈា ម៉ានីត នាយិកាមណ្ឌលសំចត ព្រមទាំងតំណាងវិស្វករនិងទីប្រឹក្សាបច្ចេសទេសក្រុមហ៊ុនសាងសង់របស់ថៃ បានអញ្ជើញចុះត្រួតពិនិត្យការងារនៅមណ្ឌលសំចតនិងដំណើរការការដ្ឋានសាងសង់អគារចំនួន៥ថ្មីនៃមណ្ឌលសំចតក្រោមជំនួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលមានតម្លៃជិត១,៥លានដុល្លារអាមេរិកស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។
លោក វង សូត បានពិនិត្យនិងកោតសរសើរដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អាជ្ញាធរដែនដី អង្គការ សមាគមក្រៅរដ្ឋាភិបាលនានា ព្រមទាំងមណ្ឌលសំចតដែលបានខិតខំបំពេញការងារទទួលបានជោគជ័យនិងផ្តល់សេវានានាដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃនិងប្រទេសដទៃទៀតទាំងក្នុងកាល:ទេស:ដ៏លំបាកនិងងាយស្រួលកន្លងមករហូតដល់បច្ចុប្បន្ន ។
លោក ផៃ រ៉ូត វិស្វករថៃ និងទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនថៃបានរាយការណ៍ជូនលោករដ្ឋមន្ត្រីនូវដំណើរការសាងសង់មណ្ឌលសំចតថ្មីនៅទល់មុខទីតាំងចាស់។ ក្នុងនោះទីតាំងការដ្ឋានបានពង្រាបទីលាន ចាក់ដី ធ្វើរបងព័ទ្ធការដ្ឋាន បុកជើងសសរបាន៣០%ហើយ។ ប្រសិនបើគ្មានអ្វីប្រែប្រួលឬឧបសគ្គទេ គម្រោងសាងសង់នឹងហើយរួចរាល់តាមផែនការ (ថ្ងៃទី១៥សីហាឆ្នាំ២០២២-១៥សីហាឆ្នាំ២០២៣)។
ជាមួយនោះ លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃដែលបានផ្តល់ជំនួយឥតសំណងកសាងមណ្ឌលសំចតថ្មីឱ្យមានលក្ខណ:សមស្រប ទំនើបតាមស្តង់ដារអន្តរជាតិសម្រាប់ទទួលពលករនិសន្តប្រវេសន៍កម្ពុជានេះ និងលោកបានអរគុណលោករដ្ឋមន្ត្រីក្រសួងសុខុមាលសង្គមថៃ លោកពិនយ៉ារ៉ាក់ ពូនសាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាដែលបានខិតខំសម្របសម្រួលនូវការផ្តល់ជំនួយនេះនិងបានចុះអនុស្សរណ:យោគយល់គ្នា កន្លងមកថ្មីៗនេះ ។
ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីវង សូតក៏បានថ្លែងអំណរគុណចំពោះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំនិងចាត់តាំងឱ្យលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលបានសម្របសម្រួលឱ្យពលរដ្ឋ២គ្រួសារចុងក្រោយដែលសាងសង់ទីជម្រកនិងរស់នៅលើដីរដ្ឋនៃគម្រោងនេះបានចាកចេញដោយស្ម័គ្រ
ចិត្ត ។
នាឱកាសនោះដែរ លោកស្រីឈា ម៉ា
នីត នាយិកាមណ្ឌលសំចតបានឱ្យដឹងថា៖ យោងតាមអនុស្សរណៈយោគយល់គ្នារវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទានឹងស្ថានទូតថៃប្រចាំកម្ពុជា ជំនួយសាងសង់មណ្ឌលសំចតថ្មីនេះត្រូវចាប់ផ្តើមពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ។
លោកស្រីបញ្ជាក់ថា៖ គម្រោងសាងសង់មណ្ឌលសំចតថ្មីខេត្តបន្ទាយមានជ័យស្ថិតជិតព្រំដែនក្នុងក្រុងប៉ោយប៉ែតនេះ ត្រូវសង់លើផ្ទៃដីជិត១ហិកតា ដែលមាន៥អគារ ដូចជា៖១-អគារជនរងគ្រោះ បុរស១ ខ្នង ។ ២-អគារជនរងគ្រោះស្ត្រី១ខ្នង ។ ៣- អគាររដ្ឋបាល១ខ្នង។ ៤-អគារអាហារដ្ឋាន១ខ្នង និង៥- អគារបណ្តុះបណ្តាលអាជីពរួម១ខ្នង ហើយគ្រោងចំណាយថវិកាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលថៃចំនួនជាង១,៤លានដុល្លារស.រ.អា ។ នាបច្ចុប្បន្ន ស្ថានភាពពលករនិសន្តរប្រវេសន៍មាតុភូមិនិវត្តន៍មានភាពធូរស្រាលដោយចូលមកក្នុងមណ្ឌលសំចតនេះមានតែប្រមាណ៥នាក់/ថ្ងៃ ។ចំពោះកិច្ចសហការមានជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដូចជា អង្គការរតន:អន្តរជាតិនិសន្តប្រវេសន៍អន្តរជាតិ(IOM), យូនី
សេហ្វ(UNICEF ), សាម៉ារីតាន់ ភឺស(Samaritan Purse ),3PC , គ្រួសារថ្មី, តំណក់ទឹក,ភឿនៗអារញ្ញប្រា
ថេត ។ល។ ចំពោះមុខ មណ្ឌលបាននិងកំពុងផ្តល់សែវាជាអាហារសម្រន់ សុខភាពបឋម បណ្តុះបណ្តាលវិជ្ជាជីវ:៥ ជំនាញ តែនៅខ្វះខាតខ្លាំងថវិកាសម្រាប់ពលករធ្វើដំណើរវវិលទៅផ្ទះនិងសហគមន៍វិញ ៕ដោយវណ្ណា