ខេត្តសៀមរាប៖ រហូតមកដល់ព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ ២០២២នេះមានប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ទៀតដែលកំពុងនៅក្នុងចំការរបស់លោកខឹមវាសនាមិនទាន់បានចាកចេញនៅឡើយចំពេលដែលប្រជា ពលរដ្ឋបាត់សមាជិកគ្រួសារបានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ឲ្យអាជ្ញាធរស្វែងរកប្រមាណ១៣០បណ្តឹង។
គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចដែលរួមមាន÷នគរបាលនិងកងរាជអាវុធហត្ថខេត្តសៀមរាបទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋប្រមាណ ១៣០ ករណីដើម្បីស្នើសុំជួយស្វែងរកសាច់ញាតិដែលចូលទៅស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា ខណៈនៅសល់ប្រជាពលរដ្ឋប្រមាណ ៣០០ ទៅ ៥០០ នាក់នៅក្នុងចម្ការនោះមិនទាន់បានចាកចេញ។
នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ២០២២នេះ លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអ្នកគាំទ្រក៏ដូចសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា នៅ ក្នុងចម្ការបច្ចុប្បន្ននៅសល់ប្រមាណ១០ភាគរយប៉ុណ្ណោះ ដែលមានចំនួនមនុស្សពី ៣០០ ទៅ ៥០០ នាក់ ខណៈសមត្ថកិច្ចបានទុកពេលវេលាឱ្យពួកគាត់ នៅទៅតាមសម្រួលប្រសិន បើពួកគាត់មិនចង់ចេញ ហើយក៏មិនមានវិធានការក្ដៅណាមួយនោះទេ ដោយរង់ចាំការ សម្រេចបន្ថែមពីគណៈបញ្ជាការឯកភាពខេត្ត។
លោកស្កងការនគរបាលខេត្តបន្តថា ចំពោះពាក្យបណ្ដឹងរបស់សាច់ញាតិដែលបាត់សមាជិកគ្រួសាររត់ទៅនៅក្នុងចម្ការលោក ខឹម វាសនា សមត្ថកិច្ចនឹងស្រាវជ្រាវរកភស្ដុតាងបន្តទៀត ប្រសិនបើទាក់ទងនឹងករណីបង្ខាំងមនុស្ស ឬករណីណាមួយដែលសមត្ថកិច្ចរកឃើញថាអាចអនុវត្តតាមផ្លូវច្បាប់បាននោះសមត្ថកិច្ចនឹងអនុវត្ត។
សូមរម្លឹកថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ហើយលោកតាំងខ្លួនឯងថាជាព្រះព្រហ្មសង្គ្រោះមនុស្សដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំ នៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ឋិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប ទើបរួចផុតគ្រោះមហន្តរាយ។
ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋប្រមាណ ១៥ ០០០ នាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ ខណៈដោយទាំងពលរករខ្មែរនៅធ្វើការនៅកូរ៉េជាង៤០០នាក់ ដែលជាអ្នកគាំទ្រលោក ខឹម វាសនា ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ៕
ដោយ៖ សូរិយា