ភ្នំពេញ៖ សេចក្តីរាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាន ឱ្យដឹងថា នៅក្នុងរយៈពេលជាង៨ខែឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនានជាង ៤ពាន់ករណី ដកហូតថ្នាំញៀនទម្ងន់ជាង៦តោន។ មានការកត់ សម្គាល់ថា មួយរយៈចុងក្រោយនេះពួកឈ្មួញជួញដូរគ្រឿងញៀនជាជនបរទេសបានធ្វើសកម្មភាពឆ្លងដែនក្នុងទ្រង់ទ្រាយធំ។
ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាប សរុប៤៥៦៨ករណី ឃាត់មនុស្សជាង ១ម៉ឺននាក់ (ជនបរទេស១៩២នាក់ ៨សញ្ជាតិ) ។
ប្រភព ខាងលើបានបញ្ជាក់ថា រាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗ សមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា បានខិតខំប្រឹង ប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។ នេះគឺជាការខិតខំប្រឹងប្រែងមួយរបស់សមត្ថ កិច្ច តែយ៉ាងណាក៏ដោយពួកឈ្មួញជួញដូរគ្រឿងញៀននៅតែប្រើល្បិចគ្រប់សកម្មភាពដើម្បីការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ។
សមត្ថកិច្ច ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សូមសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាកប្រើប្រាស់គ្រឿងញៀន ដោយត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ៕
ដោយ៖ សូរិយា