ឧត្តរមានជ័យ៖ បើតាមការឱ្យដឹងពីទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថៃ្ងទី ៨ខែកញ្ញាឆ្នាំ២០២២ បានថ្លែងថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលជិតមួយសប្តាហ៍ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលរស់នៅប្របតាមស្ទឹង និងទីទួលទំនាបមួយចំនួន។
ទេសរដ្ឋមន្រ្តីគន់ គីមបញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញថា ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភ្លៀងបន្តធ្លាក់តែតំបន់មួយចំនួន ប៉ុន្តែពុំទាន់មានស្ថានភាពធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក៏ដោយស្ថានភាពអាចនឹងធូរស្រាលបន្តិចទៅវិញនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តី បន្ថែមថា ភ្លាមៗបន្ទាប់ពីជំនន់ទឹក ភ្លៀងបង្កផលប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ នោះមកយុវជនគណបក្សឃុំ និងស្រុកអន្លង់វែង បានសហការគ្នានាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកដោយសារបញ្ហាជំនន់ទឹកភ្លៀង។ នេះគឺជាអ្វីដែលអាជ្ញាធរនិងថ្នាក់ ដឹកនាំបានគិតគូររួចជាស្រេចដើម្បីជួយដល់ប្រជា ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំដល់កង ឯកភាព អាជ្ញាធរមូលដ្ឋាន និងយុវជនគណបក្សឃុំ និងស្រុក បន្តសហការគ្នា ចុះតាមដានជាប្រចាំនៅតំបន់ប្រជា ពលរដ្ឋរស់នៅ ឬផ្ទះសម្បែងប្រជាពលរដ្ឋក្បែរតំបន់ជន់លិចនោះ ដើម្បីត្រៀមអន្តរាគមន៍ជួយ ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរផងដែរ៕