រថយន្តព្រូសមួយគ្រឿងបើកបុកពីមួយកន្លែងទៅមួយកន្លែងបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ តែត្រូវសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តបង្កនិងអ្នកបើកបរ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកបុកម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើកគេចទៅបុកបង្គោលភ្លើង១ដើមទ្រេតជិតដល់ដី និងបន្តបើករត់រហូតដល់របងវត្តទួលទំពូង ទើបត្រូវបានសមត្ថកិច្ចឃាត់ជាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយរថយន្តបង្កម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BR-6431 បើកបរដោយនារីម្នាក់និងមានប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយ ដោយបើកតាមបណ្ដោយផ្លូវលេខ១០១ពីត្បូងទៅជើង ខណៈមកដល់ផ្លូវកែងលេខ៤៣២ ក៏បានបត់ឆ្វេងដៃយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកបុរសម្នាក់កំពុងបើកម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅពីលិចទៅកើតចំពីមុខពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរុឺម៉ករងរបួសធ្ងន់ ។ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានបន្តបើករត់ទៅបុកបង្គោលភ្លើង១ដើមបាក់ទ្រេតជិតដល់ដី រួចបន្តបើករត់គេចរហូតដល់វិថីម៉ៅសេទុងមុខរបងវត្តទួលទំពូងទើបសមត្ថកិច្ចឃាត់ជាប់ទាំងរថយន្តបង្កនិងតៃកុង ប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឱ្យមកដឹកជនរងគ្រោះដែលរបួសធ្ងន់ និងជាម្ចាស់ម៉ូតូសណ្ដោងរុឺម៉ក យកទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ។ ចំណែករថយន្តបង្ក និងម៉ូតូសណ្ដោងរុឺម៉ក ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print