ខេត្តបាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅខេត្តបាត់ដំបងត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងចេញប្រតិបត្តិការបង្រ្កាបនិងចាប់ឃាត់ខ្លួន ហើយរកឃើញចាប់យកបានវត្ថុតាងថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យនិងវត្ថុតាងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
កម្លាំងអាវុធហត្ថខេត្តបង្រ្កាបចាប់ខ្លួនជនសង្ស័យមកធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅបរិវេណវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំដំបង។ជនសង្ស័យមានឈ្មោះ សោម ស៊ីន អាយុ៣២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ថ្នាំញៀនដែលដកហូតបានរួមមាន ប្រភេទមេតំហ្វេតាមីនទឹកកក ៣១កញ្ចប់ ស្មើទម្ងន់ ៣៩៤.៧៦ក្រាម ថ្នាំញៀនមេតំហ្វេតាមីន WY ៥គ្រាប់ ដាវសាមូរ៉ៃ ៣ដើម ម៉ូតូធ្វើសកម្មភា១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។ជនសង្ស័យបានសារភាពថា ខ្លួនគេធ្លាប់បានលក់ចែចាយថ្នាំញៀននៅក្រុងប៉ោយប៉ែត និងមកលក់ចែកចាយថ្នាំញៀននៅខេត្តបាត់ដំបងមានរយៈពេល៦ខែមកហើយ។
កម្លាំងអាវុធហត្ថខេត្តបាត់ដំបងចេញប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនង្ស័យគ្រឿងញៀន ខាងលើគឺគេមើលឃើញថាក្រោមការអនុវត្តដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការពង្រឹងសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបង្កាទប់ស្កាត់បទល្មើសអំពើលួចឆក់ប្លន់ ក្រោយពីខេត្តបាត់ដំបង ក្នុងមួយរយៈចុងក្រោយនេះត្រូវគេមើលឃើញថាបានរងនូវអំពើប្លន់ប្រដាប់អាវុធជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធលផលការងារប្រចាំឆ្នាំ២០១៦ លើកទិសដៅការងារឆ្នាំ២០១៧ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ប៉ោ វណ្ណះ បានប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត្តដើម្បីលើកទឹកចិត្តដល់នាយ នាយរងអាវុធហត្ថអង្គភាពក្រោមឱវាទឈានដល់ការ បង្រ្កាបបានក្រុមចោរប្លន់ប្រដាប់អាវុធនៅខេត្តបាត់ដំបង និងជាពិសេសអំពើប្លន់ប្រដាប់អាវុធនៅស្រុកមោងប្ញស្សី កាលពីកន្លងទៅថ្មីនេះ។
ក្នុងកិច្ចប្រជុំនោះដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់នាយនាយរងអាវុធហត្ថក្រោមឱវាទ ត្រូវតែមានវិធានការតាមដានស្រាវជ្រាវស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពរកមុខសញ្ញាក្រុមចោរប្លន់ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សំ វិច្ឆិកា