ប្រទសវៀតណាម៖ ឆ្លៀតឱកាសនៃការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានចូលរួមចែករំលែកបទពិសោធន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាអំលុងពេលជួបវិបត្តិកូវីដ១៩ ក្នុងវេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយ លើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលមានអ្នកចូលរួមប្រមាណ៣៥០នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសុក្រ០៩ទី ខែកញ្ញា ឆ្នាំ២០២២។
ចំណុចសំខាន់ៗនៃការចែករំលែកបទពិសោធន៍នេះគឺផ្ដោតលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ជូនប្រជាជនទូទាំងប្រទេសកម្ពុជា ការស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ទស្សនវិស័យអនាគតនៃវិស័យទេសចរណ៍ ជាពិសេសការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ។
វេទិកាកម្រិតខ្ពស់នៅទីក្រុងហូជីមិញនេះធ្វើឡើងក្រោមអធិបតីភាពលោក វុ ឌឹកដាម (Vu Duc Dam) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ដ្រីវៀតណាម ព្រមទាំងមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីទេសចរណ៍វៀតណាម កម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រតិភូអមរដ្ឋមន្ត្រី/អនុរដ្ឋមន្ត្រី និងតំណាងអាជ្ញាធរទេសចរណ៍ អគ្គកុងស៊ុលប្រទេសសមាជិកអាស៊ាន ផ្នែកឯកជនអន្តរជាតិសរុបប្រមាណ៣៥០នាក់។
វេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយលើការស្តារទេសចរណ៍អន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនេះដែរ មានគោលបំណងក្នុងការប្រមូលផ្តុំស្ថាប័នទេសចរណ៍ អ្នកវិនិយោគទេសចរណ៍អន្តរជាតិ និងផ្នែកឯកជនក្នុងតំបន់និងជុំវិញពិភពលោក ដើម្បីទទួលបានអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំទេសចរណ៍សំខាន់ៗនៃប្រទេសក្នុងតំបន់អំពីចក្ខុវិស័យ និងយុទ្ធសាស្រ្តក្នុងការស្តារទេសចរណ៍អន្តរជាតិឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តភាព។ នេះបើតាមលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍។
នាឱកាសនោះ លោក ថោង ខុន បានចែករំលែកនូវបទពិសោធន៍កម្ពុជាដល់អង្គវេទិកាអំពីការកំណត់យកការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីធានាភាពស៊ាំក្នុងសហគមន៍ដែលឈានទៅដល់ការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ជាពិសេសការបើកប្រទេសឡើងវិញដើម្បីទទួលទេសចរអន្តរជាតិពេញលេញឡើងវិញ។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីប្រសិទ្ធភាពនៃការដាក់ចុះវិធានសង្រ្គោះ និងអន្តរាគមន៍នានាដាក់ចុះដោយរាជរដ្ឋាភិបាលក្នុងការសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ក្នុងចំណោមវិស័យសេដ្ឋកិច្ចសង្គមផ្សេងៗទៀត។
ជាការចូលរួម លោករដ្ឋមន្រ្តីបានចែករំលែកអនុសាសន៍គន្លឹះចំនួន៤ចំណុច ក្នុងការពង្រឹងការតភ្ជាប់ដើម្បីស្តារវិស័យទេសចរណ៍តំបន់ និងអន្តរជាតិឡើងវិញ ប្រកបដោយចីរភាពនៃកំណើនដូចខាងក្រោម៖
១. ចំពោះមុខវ៉ាក់សាំងនៅតែជាគន្លឹះក្នុងការកសាងនូវទំនុកចិត្តទេសចរក្នុងការធ្វើដំណើរ៖ ចំពោះមុខដែលពិភពលោកបានទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ពោលគឺរស់នៅជាមួយកូវីដ-១៩ វ៉ាក់សាំងជាឧបករណ៍តែមួយគត់ចូលរួមដល់ការធានាអាយុជីវិតប្រជាពលរដ្ឋ ទេសចរ ក៏ដូចជាស្តារនូវទំនុកចិត្តនិងភាពជឿជាក់របស់ទេសចរ។ ដូចនេះគោលដៅទេសចរណ៍ទាំងឡាយគួរបន្តនិងបង្កើនការចាក់វ៉ាក់សាំង។
២. ត្រូវបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញស្របតាមបរិបទគន្លងប្រក្រតីភាពថ្មី ស្របផែនទីចង្អុលផ្លូវ ឬយុទ្ធសាស្រ្ត និងគោលការណ៍ណែនាំនានា ដោយតម្កល់អាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាក់ស្តែង ដើម្បីធានបាននូវការបើកសកម្មភាពសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍ឡើងវិញប្រកបដោយសុវត្ថិភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះនូវផែនទីចង្អុលផ្លូវសម្រាប់ការផ្សព្វផ្សាយ និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជាអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដែលចែកចេញជា៣ដំណាក់កាល៖ ១.ការគ្រប់គ្រងវិបត្តិក្នុងដំនាក់កាលទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១)
២.ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ៣.ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
៣. សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ានសម្រាប់អាស៊ាន» ក៏ដូចជាទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ដូចជាបណ្ដាប្រទេសអេកម៉ិក (ACMECS) និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
៤. រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដៃគូអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ពិភពលោកគួរបន្តពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស ជំរុញការតភ្ជាប់ឌីជីថល ជំរុញនវានុវត្តន៍ និងគំនិតច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្មជំនាន់៤.០ និងនិន្នាការអនាគតនៃវិស័យទេសចរណ៍។
៥. លោករដ្ឋមន្ត្រី បានបន្តលើក
ឡើងអំពីការខិតខំជំរុញវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ (E-learning) និងអក្ខរកម្មឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បានអនុវត្តក្នុងដំណាក់កាលជួបវិបត្តិនៃជំងឺកូវីដ១៩ និងក្នុងដំណាក់កាលស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញនេះ។
៦. ក្រៅពីនោះ រាជរដ្ឋាភិបាលក៏បានសហការជាមួយធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់នូវសហហិរញ្ញប្បទានសរុបចំនួន១៥០លានដុល្លារ សម្រាប់ឱ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ស្នើកម្ចីឥណទានយកទៅជួសជុលកែលម្អទីតាំងអាជីវកម្មរបស់ខ្លួន។ អាជីវកម្មទាំងនោះគឺត្រូវតែបានចុះបញ្ជីនៅក្រសួងទេសចរណ៍ និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
ដោយ៖សហការី