អតីត​យុទ្ធជនពិការនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២០៩ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន​ទៅប្រគល់ខ្នងផ្ទះទី២០៩ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​ តាមរយៈលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិ​វាលល្ពាក ឃុំសាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ​ ។​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​៖ លោកពលបាលឯក ឡុង សីហា អាយុ៥៣ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខតូច១ ស្ថិតនៅ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ហើយបានត្រូវរបួសពិការដៃខាងឆ្វេង និងភ្នែកខាងឆ្វេង ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនៅតំបន់ត្រពាំងត្រោក ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ១៩៩៥ ។ លោក ឡុង សីហា ជាបុរសពោះម៉ាយនិងមានកូនក្នុងបន្ទុកចំនួន៤នាក់ ដោយពុំមានជម្រកស្នាក់នៅសមរម្យ នៅលេីដី ដែលគាត់មាន ព្រោះមានជីវភាពលំបាកខ្វះខាត ។ ដោយ​ឃើញ​ពី​ការ​លំបាក​នេះ​ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ម្ពុជា ខេត្តកំពង់​ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៩ ដែល​ជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេច​តេជោ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាម​រយៈ​លោក​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍ គន់​ គីម​ ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង​ស្មាតបត​ ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។​

នៅ​ក្នុងឱកាសនេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់​ សូម​រួម​គ្នា​ចូលរួម​អនុវត្ត​ន៍​ឲ្យ​បានខ្ជាប់ខ្ជួន​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ដេីម្បី​ភាព​សុខដុមរមនា​របស់​យើង​ទាំងអស់​គ្នា​ និង​ត្រូវ​ខិតខំ​ប្រកប​មុខរបរ​រកទទួលទានដោយសុច្ចរិតទៀងត្រង់​ ជា​មួយ​នេះដែរត្រូវខិតខំថែរក្សាសុខភាពនិងបន្ត​អនុវត្តវិធានការការ​ពារ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ និង​អញ្ជើញ​ទៅ​ចាក់​វ៉ាក់​សាំង​ដូសទី​៤​និង​ដូសទី​៥​ ឲ្យ​បាន​គ្រប់​ៗគ្នា​ ។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ​ចំនួន​២យួរ និងថវិកាមួយចំនួនផងដែរ ។

លោកពលបាលឯក ឡុង សីហា ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​និង​សូម​គោរព​ជូន​ពរ​ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី​ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បានប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សម្តេច​តេជោ ហ៊ុន​ សែន​ លុះ​អវសាន្តជីវិត​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print