អត្តពលិកសូហ្វតឺន្នីសទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីក្រុមអត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជាវិលត្រឡប់មកដល់មាតុភូមិវិញ កាលពីពេលថ្មីៗនេះរួចមកត្រូវបានក្រសួងមហាផ្ទៃ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិកជ័យលាភីដែលទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធិ ក្នុងកម្មវិធីប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុមានប្រសាសន៍ថា ប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនម្ចាស់ជ័យលាភីទាំង៨នាក់នោះ បានបែងចែកតាមប្រភេទមេដាយក្នុងនោះក៏មានប្រាក់រង្វាន់សម្រាប់គ្រូបង្វឹកផងដែរ។

លោកបានបន្តទៀតថា កីឡាករ-កីឡាការិនី សូហ្វតឺន្នីសកម្ពុជា៨នាក់ដណ្តើមបានមេដាយពីការប្រកួតជើងឯកអាស៊ាននៅប្រទេសម៉ាឡេស៊ី មានមេដាយប្រាក់និងមេដាយសំរឹទ្ធិ ចំនួន១៧គ្រឿង ។ កីឡាករ-កីឡាការិនីសូហ្វតឺន្នីស ទាំងអស់ស្ថិតក្នុងសមាគមកីឡាក្រសួងមហាផ្ទៃត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថ្លៃសំបុត្រ យន្តហោះ ការហូបចុក ស្នាក់នៅ ព្រមទាំងថវិកាបំប៉នក្នុងឱកាសហ្វឹកហាត់កន្លងទៅផងដែរ ។ កីឡាករ ៦នាក់នោះមានដូចជា កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, យី សរសារិទ្ធ, ឌឹម សម្បត្តិ, ជា សែនវិស្សុត និង កីឡាករសាយ សុខចិត្រា ។ រីឯកីឡាការិនី២នាក់គឺកីឡាការិនីម៉េត ម៉ារីយ៉ាន និង កីឡាការិនីបូរ ទីងហ៊ុយ ។ ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនម្ចាស់មេដាយប្រាក់មានចំនួន១.២០០.០០០រៀល និង មេដាយ សំរឹទ្ធិទទួលបាន៨០០.០០០រៀល ។ចំពោះគ្រូបង្វឹក និង គ្រូជំនួយទទួលបានចំនួន២.០០០.០០០រៀល ។

ចំពោះកីឡាករកីឡាការិនី ដែលទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពី សម្តេចក្រឡាហោម ស ខេង ពួកគេបានសម្តែងនូវកាសប្បាយរីករាយដោយទទួលបានការឧបត្ថម្ភពីសម្តេចក្រឡាហោម  ហើយពួកគេបានសន្យាថានឹងខិតខំហ្វឹកហាត់បន្តទៀតដើម្បីនាំយកនូវជ័យជម្នះជូនកម្ពុជា ។

ជាមួយគ្នានោះដែរ កីឡាករកីឡាការិនីវាយសី ២នាក់ដែលដណ្តើមបានមេដាយពីព្រឹត្តិការណ៍ MIZUNO MIDOMAX នៅប្រទេសវៀតណាមនោះទទួលបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ២គ្រឿង ។ចំពោះកីឡាករកីឡាការិនីវាយសីនេះ សម្ដេចក្រឡាហោមបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយប្រាក់ចំនួន២០០ដុល្លារ និង មេដាយសំរឹទ្ធិ១០០ដុល្លារ៕

13225270_985136411606971_18461123_o

13242338_985136338273645_570018800_o

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print