ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ សហព័ន្ធកីឡាហាប់គីដូបានរៀបចំកម្មវិធីដំឡើងខ្សែក្រវាត់ដល់សិស្សគុនរបស់ខ្លួនព្រមទាំងបំពាក់ខ្សែក្រវាត់ កិត្តិយសដល់អ្នកដែលបានជួយជ្រោមជ្រែងដល់កីឡាហាប់គីដូដែលក្នុងនោះមានកីឡាករ-កីឡាការិនី១១នាក់បានទទួលវិញ្ញាបនបត្រសម្គាល់ពីកម្រិតខ្សែ ក្រវាត់ពណ៌បៃតង និង ៨នាក់ផ្សេងទៀតទទួលបានខ្សែក្រវាត់ពណ៌ត្នោត។
លោកគង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូបានឲ្យដឹងថា ចំពោះកម្មវិធីដំឡើងដាន់ខ្សែក្រវាត់ និង ប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្រិត ខ្សែក្រវាត់ដល់កីឡាករ-កីឡាការិនីហាប់គីដូថ្ងៃនេះគឺក្នុងគោលបំណងលើកទឹកចិត្តដល់ពួកគេដែលបានហ្វឹកហាត់ពេញ១ឆ្នាំកន្លងទៅ ។ ក្រៅពីនេះក៏មានការបំពាក់ខ្សែក្រវាត់ខ្មៅមួយដាន់ដល់អត្តពលិក ១១នាក់និងកីឡាការិនីខ្សែក្រវាត់ខ្មៅកម្រិត២ដាន់ ៤នាក់ក្នុងនោះកីឡាការិនី១រូបទទួលបានការបំពាក់ខ្សែក្រវាត់ខ្មៅ៣ដាន់ ដែលជាខ្សែក្រវាត់កិត្តិយស។
លោកសំបូរ សិស្សច្បងជំនាន់ទី ២មានកម្រិតខ្សែក្រវាត់ខ្មៅ ៤ ដាន់បានប្រាប់ឲ្យដឹងថា កីឡាករកីឡាការិនីម្នាក់បើចង់ឆាប់ទទួលបានការដំឡើងខ្សែក្រវាត់ខ្មៅចាប់ពី១ដាន់ឡើងនោះ ត្រូវហ្វឹកហាត់ជាប់លាប់និងហាត់ឲ្យបានល្អគឺត្រូវចំណាយពេល១៨ខែ ចំពោះ២ដាន់ចំណាយពេលហ្វឹកហាត់ ៣ ឆ្នាំ៣ដាន់ហ្វឹកហាត់៣ឆ្នាំកន្លះ និង៤ដាន់ហ្វឹកហាត់រយៈពេល ៤ឆ្នាំ។
ជាមួយគ្នានោះដែរ លោកជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ខ្សែក្រ វាត់កិត្តិយសនិងវិញ្ញាបនបត្របញ្ជាក់កម្រិតខ្សែក្រវាត់ដែលសហព័ន្ធកីឡាហាប់គីដូប្រគល់ជូន លោកថ្ងៃនេះដោយសារតែលោកចំណាយពេលវេលានិងធនធានដើម្បីចូលរួមជាមួយកីឡាហាប់គីដូ និងបានរួមចំណែកអភិវឌ្ឍ កីឡាប្រយុទ្ធមួយនេះឲ្យកាន់តែប្រសើរថែមទៀត៕
ដោយ៖ សារីម