ភ្នំពេញ៖ កម្មវិធី HOPE Cambodia Taekwondo 2023 ដោយមានការផ្ដួចផ្ដើមពីលោក Choi Yong Sokដើម្បីតម្រង់ទិសកីឡាករកីឡាការិនីវ័យក្មេងឲ្យមានប្រសិទ្ធភាពក្រោមប្រធានបទ(Taekwondo Tournament 2016) បានចាប់ផ្ដើមពេញមួយថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌល អគារតេក្វាន់ដូប៊ូយ៉ុងក្នុងពហុកីឡដ្ឋានជាតិ ។
ការប្រកួតកីឡាតេក្វាន់ដូយុវជននេះ គឺដើម្បីរកអត្តពលិកល្អៗត្រៀមសម្រាប់ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games លើកទី៣២ឆ្នាំ២០២៣ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកជើងខ្លាំងប្រចាំសប្ដាហ៍ បន្ទាប់មករកជើងខ្លាំងប្រចាំខែ និង ចុងក្រោយរកជើងខ្លាំងប្រចាំឆ្នាំដែល ការប្រកួតចុងក្រោយកម្មវិធីនេះត្រូវប្រសិទ្ធនាមថ្មីមួយទៀត ថា “Best of The Best”។
លោកគង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូបានឲ្យដឹងថា កម្មវិធីប្រកួតកីឡាតេក្វាន់ដូស្វែងរកកីឡាករវ័យក្មេងនេះគឺជាគំនិតផ្តួចផ្តើមរបស់ លោកគ្រូ Choi Yong Sok ហើយលោកក៏ជាអ្នកស្វែងរក ថវិកាឧបត្ថម្ភដោយខ្លួនឯងដែរ។ ក្នុងនាមរូប លោកជាគ្រូធំរបស់ប្រទេសកម្ពុជាផ្នែកកីឡាតេក្វាន់ដូ លោក Choi Yong Sokបាននិយាយថា លោកត្រូវធ្វើយ៉ាងណាស្វែងរកអ្នកខ្លាំង អាយុក្រោម១២ឆ្នាំ អាយុក្រោម១៤ឆ្នាំ ប្រភេទអាយុក្រោម១៧ឆ្នាំ និង ប្រភេទអាយុ ក្រោម១៨ឆ្នាំ ។ការប្រកួតនេះធ្វើឡើងជារៀងរាល់សប្ដាហ៍ និង រៀងរាល់ខែតែម្ដង ។ អ្នកខ្លាំងនៃក្លិបតេក្វាន់ដូទាំងអស់អាចចូលរួមប្រកួតបានហើយបើគេមានសមត្ថភាពគេនឹងក្លាយជាអត្តពលិកសម្រាប់ ត្រៀមឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍នេះលោកបានរៀបចំតាំងពីឆ្នាំ២០១៥មកម្ល៉េះ ។
សម្រាប់ការចាប់ផ្ដើមដំបូងនេះប្រភេទទម្ងន់៣០គីឡូក្រាមប្រភេទអាយុពី៩ ដល់១១ឆ្នាំលេខ ១ បានទៅកុមារា ហាវ ចំរើន ក្លិបសេរីភាព, លេខ ២កុមារាហួរ សុខវាសនា ក្លិបអូឡាំពិក ១ ។ ទម្ងន់៣០គីឡូក្រាមប្រភេទអាយុពី ៩ទៅ ១១ឆ្នាំលេខ ១ កុមារាអ៊ុនវិន សុទិដ្ឋា ក្លិបមិត្តភាព, លេខ ២ កុមារាកោ គឹមសួរ ក្លិបសេរីភាព ។
ទម្ងន់២៦គីឡូក្រាមប្រភេទអាយុពី៩ ដល់១១ឆ្នាំលេខ ១ កុមារាជា លីហួរ ក្លិបបុរី១០០ខ្នង, លេខ ២ កុមារា ថោង រីហ្គែល ក្លិបមិត្តភាព ។ ទម្ងន់៤៩គីឡូក្រាមអាយុ៩ ទៅ១១ឆ្នាំលេខ ១ កុមារាសែម កក្កដាក្លិប Family ។ ទម្ងន់ ៣៣គីឡូក្រាមប្រភេទអាយុ១២ ទៅ១៤ឆ្នាំលេខ ១ កុមារាឆៃ កាឆាយក្លិប Family លេខ ២ កុមារាស្រ៊ុន ផានិត ក្លិបពោធិ៍សែនជ័យ ។ ទម្ងន់៣៧គីឡូក្រាមអាយុ១២ទៅ១៤ឆ្នាំលេខ ១ កុមារាសំរាំង វិសាល ក្លិបសេរីភាព ។ ទម្ងន់៤១ គីឡូក្រាម អាយុ៩ ទៅ១១ឆ្នាំលេខ ១ កុមារាជឹម បារមី ក្លិបមិត្តភាព, លេខ ២ កុមារាជា សុវណ្ណរ៉ាត់ក្លិបសេរីភាព ។ សម្រាប់ការ ប្រកួតដំបូងនេះគឺធ្វើតែកីឡាករប៉ុណ្ណោះ ៕
ដោយ៖ សារីម