សារព័ត៌មាន WAMបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសនៅថ្ងៃទី១១ខែកញ្ញាថា ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងប្រទេសនេះ បានកើនឡើងដល់ទៅជាង៥ពាន់លានដុល្លារក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២។
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al Maktoum បានបញ្ជាក់ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងប្រទេសអារ៉ាប់រួម មានដល់ទៅ១៩ពាន់លាន dirham ប្រមាណ ៥,២ពាន់លានដុល្លារអាមេរិក នៅពាក់កណ្តាលឆ្នាំ ២០២២។
តាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Sheikh Mohammed សរុបអ្នកទេសចរកក់បន្ទប់សណ្ឋាគារមាន១២លានលើក កើនឡើង៤២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ ២០២១ ។ ប្រទេសអារ៉ាប់រួមសង្ឃឹមថា នឹងមានកំណើនអ្នកទេសចរនៅចុងឆ្នាំ២០២២នេះ ពិសេសក្នុងពេលដែលប្រទេសកាតារធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២។
ទីក្រុងឌូបៃ មានគម្រោងទទួលអ្នកទេសចរជាច្រើនក្នុងអំឡុងពេលនៃការប្រកួតបាលទាត់ពិភពលោក នៅប្រទេសកាតារ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២២ ។ អាកាសយានដ្ឋានអន្តរជាតិទីក្រុងឌូបៃ បានប្រកាសថា ក្នុងរយៈពេល ពាក់កណ្តាលឆ្នាំ២០២២ មានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានរហូតដល់ទៅ២៧,៨លាននាក់ កើនឡើងដល់ទៅ១៦០%បើប្រៀបធៀបនឹងឆ្នាំ២០២១ ពេលកំពុងផ្ទុះកូវីដ-១៩ ៕ ដោយធីរីណា
រូបថត : TTXVN-VNA