ក្រោយប្រឈមនឹងវិបត្តិនយោបាយទ្រង់ទ្រាយធំមក ពិសេសក្រោយពេលតុលាការរដ្ឋ
ធម្មនុញ្ញថៃព្យួរការងារនាយករដ្ឋមន្ត្រីថៃ បានធ្វើឱ្យប្រជាពលរដ្ឋថៃមានបំណងចង់បោះឆ្នោតជាថ្មី។ តាមលទ្ធផលស្ទង់មតិ បង្ហាញឱ្យឃើញថា ពលរដ្ឋថៃភាគច្រើនចង់ឱ្យបោះឆ្នោតមុនពេលកំណត់។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា តាមការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា ប្រជាជនថៃជាង៦០ភាគរយចង់ឱ្យរដ្ឋាភិបាលរំលាយសភា និងរៀបចំការបោះឆ្នោតមុនពេលកំណត់ ខណៈដែលតុលាការធម្មនុញ្ញថៃ កំពុងពិចារណាលើអនាគតរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានព្យួរតំណែងនាយករដ្ឋមន្រ្តី។
ការស្ទង់មតិលើមនុស្សចំនួន ១,៣១២នាក់ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៧ ខែកញ្ញា ដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (NIDA) បានរកឃើញថា មតិ៦០.៨០ភាគរយ យល់ស្របយ៉ាងមុតមាំថា លោក Prawit Wongsuwan នាយករដ្ឋមន្រ្តីបណ្តោះអាសន្នគួរតែរំលាយសភា ហើយរៀបចំការបោះឆ្នោតមុនពេលកំណត់ ខណៈ ដែល១៣.៩៥ភាគរយ បានជំទាស់។ ជុំវិញការស្ទង់មតិខាងលើនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយរបស់ Reuters ឡើយ កាលពីថ្ងៃអាទិត្យកន្លងទៅ។
តាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ការបោះឆ្នោតអាណត្តិក្រោយ នឹងត្រូវធ្វើឡើងមិនឱ្យហួសពីខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែវាអាចនឹងប្រព្រឹត្តទៅឆាប់ជាងនេះ ប្រសិនបើសភាត្រូវបានរំលាយ៕ ដោយធីរីណា
រូបថត :TTXVN-VNA