លោក Thomas Tuchel បាននិយាយថា គាត់មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លិបតោខៀវ Chelsea បន្ទាប់ពីការចាប់ផ្តើមរដូវកាលមិនល្អ។
បុរសសញ្ជាតិអាឡឺម៉ង់វ័យ៤៩ឆ្នាំរូបនេះត្រូវបានបញ្ចប់ដំណែងពីគ្រូបង្វឹកកាលពីថ្ងៃពុធមួយថ្ងៃបន្ទាប់ពីក្រុមរបស់គាត់បានរងបរាជ័យក្នុងលទ្ធផល ១–០ ក្រៅដីក្រោមស្នាដៃក្រុម Dinamo Zagreb ក្នុងការប្រកួតបើកឆាក Champions League រដូវកាលនេះ។
លោក Tuchel បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “នេះគឺជាសេចក្តីថ្លែងការណ៍ដ៏លំបាកបំផុតមួយដែលខ្ញុំធ្លាប់សរសេរហើយវាគឺជាសេចក្តីថ្លែងការណ៍មួយដែលខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនចាំបាច់ធ្វើអស់រយៈពេលជាច្រើនឆ្នាំ។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែលពេលវេលារបស់ខ្ញុំនៅ Chelsea បានដល់ទីបញ្ចប់។ នេះគឺជាក្លិបមួយដែលខ្ញុំមានអារម្មណ៍ថានៅផ្ទះ ទាំងអាជីព និងផ្ទាល់ខ្លួន“។
លោក Tuchel បានធ្វើឱ្យមានផលប៉ះពាល់ភ្លាមៗនៅពេលដែលគាត់បានជំនួសតំណែងលោក Frank Lampard ក្នុងខែមករាឆ្នាំ២០២១ ដោយបានធ្វើឱ្យក្រុម Chelsea ទទួលបានលទ្ធផលល្អរដូវកាល Premier League ឡើងវិញរបស់ក្រុម និងនាំពួកគេទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលពួកគេបានផ្តួលក្រុម Manchester City ។
លោក Tuchel បាននិយាយថា “មោទនភាព និងសេចក្តីរីករាយដែលខ្ញុំមានអារម្មណ៍ក្នុងការជួយក្រុមឱ្យឈ្នះពានរង្វាន់Champions League និង Club World Cup នឹងនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លិបនេះ ហើយការចងចាំរយៈពេល១៩ខែចុងក្រោយនឹងតែងតែមានកន្លែងពិសេសនៅក្នុងបេះដូងរបស់ខ្ញុំ” ។
ក្រុម Chelsea បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានតែងតាំងគ្រូបង្វឹក Brighton & Hove Albion លោក Graham Potter ជាអ្នកគ្រប់គ្រងថ្មីរបស់ពួកគេដើម្បីជំនួសលោក Tuchel ៕ (រូបភាព ៖ Reuters/CNA)