ព្រះមហាក្សត្រិយានី Elizabeth II គឺជាស្តេចដែលទទួលបានការគោរពស្រឡាញ់បំផុតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនៅក្នុងប្រទេសនូវែលហ្សេឡង់។ ប្រទេសនេះក៏បានរៀបចំព្រះរាជពិធីបុណ្យព្រះសពនិងកាន់ទុក្ខ ដល់ការសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រិយានីផងដែរ។
ក្នុងពេលនេះដែរ ក្រោយពេលអង់គ្លេសមានស្តេចថ្មី នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានឱ្យដឹងថា នូវែលហ្សេឡង់នឹងក្លាយជាប្រទេសសាធារណរដ្ឋបញ្ចប់របបរាជានិយម ប៉ុន្តែមិនមែនជាពេលនេះឡើយ។
សារព័ត៌មាន Reuters នៅថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បាននិយាយថានូវែលហ្សេឡង់នឹងមិនចាត់វិធានការចាំបាច់នានាដើម្បីក្លាយខ្លួនជាសាធារណរដ្ឋមួយក្នុងរយៈពេលដ៏ខ្លីនេះទេ បើទោះជាលោកស្រីផ្ទាល់ជឿថាប្រជាជាតិប៉ាស៊ីហ្វិកមួយនេះអាចនឹងក្លាយជាសាធារណរដ្ឋ នៅពេលអនាគតក៏ដោយ។
លោកស្រី អាឌើន( Ardern) ធ្វើការកត់សម្គាល់ខាងលើក្នុងពេលប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅពេលត្រូវបានសាកសួរថា តើការផ្លាស់ប្ដូរនៅក្នុងរាជវង្សចក្រភពអង់គ្លេសក្រោយការចូលទិវង្គតរបស់ម្ចាស់ក្សត្រីអេលីហ្សាបែតទី២ អាចនឹងនាំឱ្យមានការជជែកដេញដោលពីរបបសាធារណរដ្ឋក្នុងប្រទេសនូវែលហ្សេឡង់ដែរឬទេ?
ថ្លែងនាឱកាសនោះ លោកស្រី អាឌើន បានកត់សម្គាល់ដូច្នេះថា «ខ្ញុំមិនគិតថាវាជារឿងបន្ទាន់នោះទេ។ វាមានបញ្ហាប្រឈមជាច្រើនដែលយើងត្រូវប្រឈម ហើយវាជាការជជែកដេញដោលដែលត្រូវចំណាយពេលយូរ និងសំខាន់បំផុត…កុំគិតថាវាជារឿងមួយដែលអាចនឹងឬគួរតែកើតឡើងភ្លាមៗ»។ នូវែលហ្សេឡង់គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសចំនួន១៥ ដូចជាអូស្ត្រាលី និងកាណាដាជាដើម ដែលមានសេ្ដចចក្រភពអង់គ្លេសជាប្រមុខរដ្ឋ៕ ដោយធីរីណា
រូបថត : Nguoiduatin.vn