ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជានឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣។
ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំ ព្រឹត្តិការណ៍កីឡាជាតិ និងពិធីបុណ្យជាតិខាងលើ និងដើម្បី ឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀនសូត្រសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ វិញ។
ជាមួយគ្នានេះ ក្រសួងបានកំណត់វិញ្ញាសារជម្រើស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដូចខាងក្រោម៖
១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ
២.សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ប្រវត្តិវិទ្យា
ផែនដី និងបរិស្ថានវិទ្យា
សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា