បើករថយន្តRANGE ROVER បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER យ៉ាងលឿន ហើយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខ្ទាតអស់ចំនួនពីរកង់ ធ្វើឱ្យរថយន្តដាច់កាឡេកង់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២៧១  ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-6969តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ខ្ទាតចេញពីជួរអស់ចំនួនពីរកង់ ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៥០ម៉ែត្រទើបដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កហេតុបានទំនាក់ទំនងហៅរថយន្តមកស្ទូចបម្រុងយករថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print