ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់បើករថយន្តម៉ាកឡិចសុីសRX300 មួយ គ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយកង់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខមន្ទីរពេទ្យវិសាលសុខ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយព្យាយាមបើករត់រហូតទៅដល់ក្បែរភ្លើងស្តុបសំណង់( 12) តាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងខណ្ឌទួលគោកទើបរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់បើករថយន្តឡិចសុីស RX300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2S-5315ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រង់ផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់អស់មួយកង់ ចំណែករថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ចំណុចក្បែរភ្លើងស្តុបសំណង់ (12 )តាមបណ្ដោយផ្លូវ លេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ទើបរថយន្តដាច់កាឡេកង់មុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការឃាត់រថយន្តភ្លាមៗ រួចទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ