ខេត្តប៉ៃលិន៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនល្មោភកាមម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស។
របាយការណ៍ដដែលបន្តថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនត្រូវចោទខាងលេីនេះ ទៅសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈ មានស្ថានទំងន់ទោស ក្រោយឃាត់ខ្លួនបានយកមកសាកសួរ។
ជនត្រូវចោទឈ្មោះ ហែម មាន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវបានធ្វើការឃុំខ្លួនតាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៥០៥/២២ របស់លោក លី ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ពីបទរំលោភសេពសន្ថវៈមានស្ថានទំងន់ទោសប្រព្រឹត្តក្នុងអំឡុងឆ្នាំ២០១៩ នៅចំណុចអូរក្រោយផ្ទះជនរងគ្រោះស្ថិតនៅ ភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នកម្លាំងជំនាញបានអនុវត្តតាមដីកាយកជនត្រូវចោទខាងលើ ទៅពន្ធនាគារខេត្តប៉ៃលិន ៕
ដោយ៖សហការី