ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន ដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ កន្ទួត(Star Gooseberry) ដើមមានកម្ពស់ ៥-១០ម គល់រលោងមានជ័រ លើដើមតែមួយ (monoecious plant) មានផ្កាញី និងផ្កាឈ្មោល (Female and Male flower) ជួនកាលលើដើមនោះមានផ្កាទ្វេភេទ (bisexual flower) មែកមានលក្ខណៈស្រួយគ្រឿមៗដោយសារស្នាមធាងរលេះ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្កាឈ្មោល និងផ្កាញីមានត្របក៤ ពណ៌ក្រហមគ្មានស្រទាប ហើយកេសរឈ្មោលមាន ៤ក្លែប និងកេសរញីមាន ៦-៨ក្លែប។ ផ្លែ(Drupe) មានគ្រាប់តែ១ ហើយរឹង ឯសាច់ក្រៅទន់ជាកញ្ចុំៗ។
តួដើមពណ៌លឿងតិចៗរាងមូលមានអង្គត់ផ្ចិត ១,៥-២,៥ស.ម ហើយផ្កាដុះចេញផ្ទាល់លើតួដើម ឬផ្ទាល់លើមែក និងនៅលើផ្លែមានចង្អូរ ៦-៨ស.ម ផ្កាឈ្មោលច្រើនដុះលើមែកថ្មីៗហើយវែង ឯផ្កាញីដុះលើមែកចាស់ហើយមិនសូវវែង។ កន្ទួតបន្តពូជដោយគ្រាប់ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖ គ្រឿងទេស ផ្លែធ្វើជាម្ជូរ ឬបុកត្រីឆ្អើរ ស្លឹកអាចធ្វើជាបន្លែ អាម៉ុក និងអន្លក់។ ឱសថ ជ័រដែលហូរចេញពីមែក កាត់ធ្វើថ្នាំក្អួត។ ស្លឹកបុកព្យាបាលចុកចង្កេះ ឈឺសសៃជើង គ្រុនក្តៅ និងឈាមអញ្ចាញធ្មេញ។ ស្លឹកនឹងឬស ប្រើសម្រាប់ឃាត់ឈាម ធ្វើឱ្យឈាមរត់ស្រួល និងរំលាយឈាម។ ផ្លែជាថ្នាំត្រជាក់ព្យាបាលក្អក ឯសម្បកដើមព្យាបាលបូសស្វាយ ស្ងោរងូតសម្រាប់ព្យាបាលចែងថ្ងៃ៕
ដោយ៖សហការី