ខេត្តមណ្ឌលគិរីមានសញ្ញាវិជ្ជមានអំពីចំនួនភ្ញៀវទេសចរណ៍ដែលនឹងកើនឡើងក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានការកត់សម្គាល់ថាភ្ញៀវទេសចរណ៍ទៅកំសាន្តនៅខេត្តមណ្ឌលគិរីខ្លះៗឡើងវិញគួរឲ្យកត់សម្គាល់។ដោយសារជារដូវបុណ្យទានផងសម្រាប់ខេត្តមណ្ឌលគិរី ចាប់ផ្ដើមមាន​អ្នកទេសចរ​មួយចំនួនចូល ​ទៅលេងកម្សាន្តហើយ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចខេត្តក៏បានរៀបចំត្រៀមទទួលភ្ញៀវជានិច្ចផងដែរ ​ជាមួយការណែនាំរបស់មន្ត្រីទេសចរណ៍ កុំឱ្យមានការដំឡើងថ្លៃសេវាកម្ម។

 នៅថ្ងៃទី១៣ ខែកញ្ញា នេះ ​គោលដៅទេសចរមួយចំនួន ក្នុងក្រុងសែនមនោរម្យ មានអ្នកទេសចរតិចតួចទៅលេងកម្សាន្ត ដូចជារមណីយដ្ឋានភ្នំដោះក្រមុំនិងសមុទ្រឈើ ​ជាដើម។ ទោះបីជាភ្ញៀវមានចំនួនតិចតួចក៏ពិតមែន​ ប៉ុន្តែល្អប្រសើរជាងអំឡុងពេលភ្ជុំបិណ្ឌឆ្នាំមុន ដែលកូវីដ -១៩ កំពុងរាតត្បាតខ្លាំង ​ពុំមានអ្នកទេសចរទៅលេងកម្សាន្តតែម្ដង ។ បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុនោះគេសង្កេតឃើញថាក្រុងសែនមនោរម្យហាក់ដូចជាស្ងាត់មិនមានភ្ញៀវទេសចរណ៍នោះទេ។

ភ្ញៀវទេសចរ ដែលទៅលេងខេត្តមណ្ឌលគិរីច្រើនដងនិយាយថា ​ខេត្តមណ្ឌលគិរី មាន​បរិយាកាសល្អ គួរជាទីកម្សាន្តមិនធុញទ្រាន់នោះទេ ហើយអ្វីដែលប្លែកនោះ​គឺ​ខេត្តមណ្ឌលគិរី​បច្ចុប្បន្ន សង្កេតឃើញ មានResortស្អាតៗ​ ដែលសង់លើកំពូលភ្នំ មើលទៅពិតជាមាន​ភាពទាក់ទាញ ។ ជាពិសេសទេសភាពវាលស្មៅនៅលើកំពូលភ្នំដ៏គួរឲ្យទាក់ទាញគឺជាការប៉ងប្រាថ្នារបស់ភ្ញៀវទេសចរណ៍ដែលចង់ទៅកំសាន្តនៅខេត្តមណ្ឌលគិរី។

លោកស្រី ម៉ី សារឹម ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា អំឡុង​ពេល​ភ្ជុំបិណ្ឌ កាន់បិណ្ឌ នេះ ភ្ញៀវទេសចរ ​មិនទាន់ច្រើនទេ​ ប្រហែលក្រោម​១ពាន់នាក់ បើគិតត្រឹម​សប្ដាហ៍ទី១ នៃខែកញ្ញានេះ ​ប៉ុន្តែបើធៀបនឹង ឆ្នាំ២០២១​ មានការកើនឡើងខ្លះ ព្រោះពេលនោះ​ស្ថិតក្នុងវិបត្តិកូវីដ-១៩។ លោកស្រីកត់សម្គាល់ថាមានសញ្ញាកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នៅក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំនាពេលខាងមុខ។

លោកស្រី បានបញ្ជាក់ថា មន្ត្រីជំនាញ បានជូនដំណឹងទៅគ្រប់បណ្ដាផ្ទះសំណាក់ ​សណ្ឋាគារ អំពី​សារាចររបស់ ក្រសួងទេសចរណ៍​ ស្ដីពីសណ្ដាប់ធ្នាប់,សុវត្ថិភាពសុខាភិបាល និងជូនដំណឹង​មិន​ឲ្យម្ចាស់អជីវកម្មស្នាក់ នៅទាំងនោះ ​លួចដំឡើងថ្លៃបន្ទប់នោះទេ ។ វិធានការទាំងនេះរួមចំណែកទាក់ទាញភ្ញៀវទេសចរឲ្យវិលត្រឡប់មកកាន់ខេត្តមណ្ឌលគិរីជាថ្មីម្ដងទៀត។

...

ខេត្តមណ្ឌលគិរី នារដូវកាលនេះ ​គឺមានភាពស្រស់បំព្រង​ ដោយសារសម្រស់វាលស្មៅពណ៌បៃតង លាតសន្ធឹងតាម ​កំពូលភ្នំ ​ជាទិដ្ឋភាពដែលអ្នកទេសចរគ្រប់គ្នាចង់ទស្សនា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print