ខេត្តព្រះវិហារ ៖ រថយន្តរបស់ក្រុមឈ្មួញជើងខ្លាំងដឹកឈើទាំងថ្ងៃចេញពីភូមិឈ្មួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដោយមានការចូលរួមរបស់អ្នកសារព័ត៌មានផងដែរ នោះស្ទាក់ចាប់បង្រ្កាបបានរថយន្តម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-5766 ដែលគេស្គាល់ថាជា
រថយន្តដឹកឈើឈ្មួញជើងខ្លាំងឈ្មោះ តុលា ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ។
ប្រតិបត្តិការតាមបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ៤ៈ៤៦នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
គួររំលឹកផងដែរថា កាលពីខែមុនក្រុមរថយន្តដឹកឈើនេះដែរត្រូវបានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងចាប់បាន២គ្រឿងដែរ ដែលកាលនោះក្រុមឈ្មួញចង់ធ្វើសកម្មភាពរំដោះយកឡានដឹកឈើពីសមត្ថកិច្ចវិញ តែសំណាងល្អលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តនិងអាវុធហត្ថស្រុកចុះទៅទាន់កុំអីអាចប្រឈមដល់អាយុជីវិតរបស់សមត្ថកិច្ចថែមទៀតផង។
ករណីនេះរថយន្តដឹកបទល្មើសត្រូវបានចាក់សោជាប់ ហើយសមត្ថកិច្ចកំពុងយកជាងទៅដោះសោដើម្បីនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងចាត់ការទៅតាមច្បាប់ ៕,អ្នកប្រមាញ់