ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានជើងទឹករុស្ស៊ី និងចិនបានដាក់ពង្រាយយាមល្បាតរួមគ្នានៅដែនសមុទ្រប៉ាស៊ីហ្វិក ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីនៅលើបណ្តាញតេឡេក្រាមបានឱ្យដឹងថា កងនាវិកនៃភាគីទាំងពីរកំពុងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តរួមគ្នា និងអនុវត្តសមយុទ្ធដែលពាក់ព័ន្ធនឹងកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ភារកិច្ចនៃការល្បាតរួមគ្នានេះគឺមានការពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើនាវាចររវាងរុស្ស៉ីនឹងចិន ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ការត្រួតពិនិត្យស្ថានការណ៍នៅឆ្នេរសមុទ្រ និងការការពារទីតាំងសេដ្ឋកិច្ចដែនសមុទ្ររុស្ស៉ី និងចិន។ ការធ្វើប្រតិបត្តិការល្បាតរួមគ្នានេះទៀតសោតធ្វើឡើងខណៈដែលលោកស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេរំពឹងថានឹងជួបមុខគ្នា ដោយផ្ទាល់នៅឯកិច្ចប្រជុំមួយ ក្នុងប្រទេសអ៊ុយបេគីស្ថាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕ ដោយធីរីណា
រូបថត : China Military