អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១៥ខែកញ្ញាបានប្រកាសថា រថយន្តដឹកប្រធានាធិបតី Volodymyr Zelensky បានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងគៀវ ប៉ុន្តែប្រមុខដឹកនាំប្រទេសនេះមិនរងរបួសធ្ងន់នោះឡើយ។
សារព័ត៌មានរ៉យទ័រ
បានបានដកស្រង់សម្តីអ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន លោក Serhii Nykyforov ដែលបានបញ្ជាក់ថា «មានរថយន្តមួយគ្រឿងបានប៉ះទង្គិចជាមួយរថយន្តប្រធានាធិបតីអ៊ុយក្រែន និងរថយន្តអមការពារនៅទីក្រុងគៀវ»។ លោកបន្តទៀតថា បុគ្គលិកសុខាភិបាលដែលធ្វើដំណើររួមជាមួយក្បួនរថយន្តបានជួយសង្គ្រោះដល់អ្នកបើករថយន្តប្រធានាធិបតី ហើយបានហៅរថយន្តជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកប្រធានាធិបតីវិញត្រូវបានគ្រូពេទ្យពិនិត្យសុខភាពនៅនឹងកន្លែង ប៉ុន្តែមិនរបួសធ្ងន់នោះឡើយ ដោយមានរបួសស្រាលតែប៉ុណ្ណោះ ។ លោក Serhii Nykyforov មិនបានបញ្ជាក់ពីទីកន្លែងជួបគ្រោះថ្នាក់នោះឡើយដោយគ្រាន់តែបញ្ជាក់ថាកើតឡើងនៅទីក្រុងគៀវប៉ុណ្ណោះ។
នៅក្នុងថ្ងៃជាមួយគ្នានោះដែរមានពាក្យចចាមអារ៉ាមថា រថយន្តដឹកប្រធានាធិបតីពូទីនរងការវាយប្រហារដោយគ្រាប់រំសេវ ប៉ុន្តែប្រធានាធិបតីពូទីន មានសុវត្ថិភាព មិនមានបញ្ហាអ្វីនោះឡើយ។
សារព័ត៌មាន The Sun នៅថ្ងៃទី១៥ខែកញ្ញាបានផ្សាយថា រថយន្ត limousine របស់ប្រធានាធិបតីពូទីន រងការវាយប្រហារ ធ្វើឱ្យកង់មុខខាងឆ្វេងផ្ទុះសំបក។ ប៉ុន្តែភាគីរុស្ស៊ីមិនទាន់បញ្ជាក់អ្វីពីបញ្ហាខាងលើនៅឡើយទេ៕ ដោយធីរីណា
រូបថត : Reuters
រូបថត : cand.com.vn