សម្តេចតេជោ ហ៊ុនសែន ជម្រាបជូនរដ្ឋមន្ត្រីថាមពលអាស៊ាន និង ប្រទេសដៃគូ , លោកអគ្គលេខាធិការអាស៊ាន ពីការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូន ចំពោះឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី ៤០ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូផង និងដោយផ្ទាល់ផង នៅរាជធានីភ្នំពេញ នាពេលនេះ។

តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់ នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើក ដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួលនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជា បន្តបន្ទាប់ ជាក់ស្ដែង ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារកណ្ដាលនៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល ជាមួយគ្នាដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមាន ឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និង ការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវ យកចិត្តទុកដាក់លើអន្តរកាលថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ ក្នុងស្មារតីនេះ ក្នុងនាមជាប្រធាន ថាមពលអាស៊ាន ក្នុងឆ្នាំ ២០២២ កម្ពុជាបានកំណត់មូលបទ “ បង្កើនល្បឿនអន្តរកាល ថាមពល ៖ ការស្តារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» សំដៅ ជំរុញការចូលរួម ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់បន្ថែម លើការពន្លឿន អន្តរកាលថាមពល ឆ្ពោះទៅរកវិបុលភាពរួមមួយ ដែលមានភាពប្រាកដនិយម។

សម្តេចតេជោ បន្តថា, កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើត ឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន ជាក់ស្តែង ក្នុងឆ្នាំ ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុបសម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទី បង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោល នយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការ យ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាល ថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន (១). ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន/(២). ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំ និងការបញ្ចេញឧស្ម័នកាបូនទាប/និង (៣). តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print