ភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ក្នុងខែសីហា និងទិសដៅការងារសម្រាប់ខែកញ្ញា និងផែនការ ការពារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ជាកិច្ចចាប់ផ្តេីមលោកស្នងការរងសេនាធិការ បានអានរបាយការណ៍ លទ្ធផល អនុវត្តបានក្នុងខែសីហា ជូនអង្គប្រជុំ ។ ជាមួយនោះដែរក៏មានការចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ ទាក់ទងទៅនឹងលទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដេីម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មេីសនានាកុំឲ្យកេីតមានឡេីង ។
បន្ទាប់ពីមានការចូលរួមមតិយោបល់របស់សមាជិកនៃអង្គប្រជុំ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការកោតសរសេីរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សណ្តាប់សាធារណ: បម្រេីសេវាចំបាច់ទូទៅបានយ៉ាងល្អ ម្យ៉ាងវិញទៀត លោក ស្នងការ បានណែនាំបន្ថែមដល់លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការទាំងអស់ ត្រូវយកចិត្តទយកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងរាយការណ៍ជាប្រចាំ ដេីម្បីសុំយោបល់ និងគោលការណ៍ ក្នុងការអនុវត្តការងារឲ្យបានជោគជ័យ ។
ជាពិសេសលោកស្នងការរង ទទួលជំនួយការដឹកនាំតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដោយត្រូវមានផែនការច្បាស់លាស់ ដេីម្បីចុះផ្ទាល់ក្នុងការជួបសំណេះសំណាល ត្រួតពិនិត្យកម្លាំង កន្លែងធ្វេីការតាមបណ្តាប៉ុស្តិ៍ ការរៀបចំទុកដាក់ឯកសារ ការរៀបចំកន្លែងធ្វេីការ ការរៀបចំទុកដាក់អាវុធ និងសម្ភារប្រេីប្រាស់ផ្សេងៗ ។ ជាមួយនោះដែរ ឯកឧត្តមស្នងការ បានផ្តោតសំខាន់ទៅលេីស្នងការរងទទួលផែនមួយចំនួយត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងដឹកនាំឲ្យបានល្អ ដូចការគ្រប់គ្រងការងារសន្តិសុខឲ្យបានល្អ ការងារគ្រប់គ្រងជនបរទេស និងអន្តោប្រវេសន៍ចូលមករស់នៅ ឬធ្វេីការខុសច្បាប់ ជាពិសេសជនបរទេសដែលចូលមកប្រព្រឹត្តបទល្មេីសផ្សេងៗ ។ ចំណុចដែលឯកឧត្តមស្នងការ សង្កត់ធ្ងន់គឺ ការងារបង្ការ ទប់ស្កាត់ និងការស្រាវជ្រាវបង្ក្រាប ការជួញដូរ ការបង្ខាំងមនុស្សដោយខុសច្បាប់ នៅពេលករណីកេីតឡេីង ត្រូវសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា ស្រាវជ្រាវចាប់ជនល្មេីស បេីរកខុសច្បាប់ត្រូវបញ្ឍប់អាជីវកម្ម និងឈានដល់ការស្រាវជ្រាវទាក់ទងទៅនឹងបទល្មេីសសម្អាតប្រាក់ ជាដេីម ។
ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទយកដាក់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការសម្រួលចរាចរណ៍ឲ្យបានល្អ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសត្រូវណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែប្រេីប្រាស់ពាក្យសំដី និងកាយវិការឲ្យបានសមរម្យ ក៏ដូចជាការណែនាំបន្ថែមដល់ប្រជាពលរដ្ឋឲ្យបានយល់អំពីច្បាប់ចរាចរណ៍ ភ្លេីងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញា ។ បង្កេីនការស្រាវជ្រាវ បង្ការ ទប់ស្កាត់ បង្ក្រាប ក្រុមក្មេងទំនេីង ករណីគាស់ លួច ឆក់ ប្លន់ ….។ល។
ដោយ : សហការី