ខេត្តកំពង់ធំ៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុក ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត អធិការរងស្រុកតាំងគោក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន មន្រ្តីការងារយុវជនសាខា មន្ទីរសាធារណ: និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់យុវជនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក យុវជនកាយរិទ្ធជាតិកម្ពុជា និងសិស្សានុសិស្សសរុបចំនួន ៣៥០នាក់ ស្រី២១៩នាក់ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានពន្យល់ណែនាំ ពីស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ធំ សង្ខេបច្បាប់ចរាចរណ៍ចំណុចសំខាន់ៗពាក់ព័ន្ធ និងការប្រើប្រាស់ទោចក្រយានយន្ត អនុក្រឹដ្ឋផាកពិន័យអន្តរការ សញ្ញាចរាចរណ៍ និងការប្រើប្រាស់គន្លងផ្លូវ។ វិធីពាក់មួកសុវត្ថិភាពមានប្រាំជំហានឱ្យបានត្រឹមត្រូវ អត្ថប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព សម្រាប់ថ្មើរជើងប្រកបដោយសុវត្ថិភាពការពារដល់អាយុជីវិតក្នុងការធ្វើដំណើរ ។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានលើលឡើងថា សម្រាប់សិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រត្រូវស្តាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិតរបស់ខ្លួន។ សូមក្មួយៗទាំងអស់ចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីសារប្រយោជន៍ពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវមុនចេញធ្វើដំណើរទៅណាមកណា ប្រកបដោយសុវត្ថិភាពនិងមានការទទួលខុសត្រូវខ្ពស់។ លោកអភិបាលស្រុក ក៍បានអំពាវនាវបន្តែម សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិត សូមចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
គួរបញ្ជាក់ផងដែរថា ក្រុមការងារទាំងអស់បានចែកខិតប័ណ្ណសញ្ញាចរាចរណ៍បាន៣៥០សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាពបាន២០០សន្លឹក ខិតប័ណ្ណពិការភាពខ្ញុំអាចធ្វើបាន៣៥០សន្លឹក និងសន្លឹកតូចដប់ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍បាន៣៥០សន្លឹក ដល់ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរក្នុងផ្សារ ព្រមទាំងជូនមួកសុវត្ថិភាពឣ្នកចូលរួមឆ្លើយសំណួរយកមួកសុវត្ថិភាពសរុបចំនួន៣០មួក៕
ដោយ៖ មន្នី